សមយុទ្ធយោធារួមគ្នារវាងប្រទេសឥណ្ឌា និងចក្រភពអង់គ្លេស ដែលមានឈ្មោះថា «Ajeya Warrior 8» បានបញ្ចប់នៅទីក្រុង Bikaner ភាគពាយ័ព្យប្រទេសឥណ្ឌា កាលពីថ្ងៃអាទិត្យ ទី៣០ ខែវិច្ឆិកា។

កងទ័ពឥណ្ឌា និងអង់គ្លេស បានហ្វឹកហាត់និងធ្វើសមយុទ្ធប្រយុទ្ធ រួមមានទាំងសមយុទ្ធឧទ្ធម្ភាគចក្រ ដើម្បីត្រៀមសម្រាប់ប្រតិបត្តិការប្រឆាំងភេរវកម្ម។

បុគ្គលិកកងទ័ពអង់គ្លេសម្នាក់បាននិយាយថា «ទាក់ទងនឹងសង្គ្រាមយានដ្រូន និងសង្គ្រាមសម័យទំនើប ខ្ញុំគិតថាកងទ័ពប្រទេសទាំងពីរមានយុទ្ធសាស្ត្រស្រដៀងគ្នា»។ កាលពីខែមុន ចក្រភពអង់គ្លេសបាននិយាយថា ខ្លួនបានចុះហត្ថលេខាលើកិច្ចសន្យាមានតម្លៃ៣៥០លានផោន (៤៦៨ លានដុល្លារ) ដើម្បីផ្គត់ផ្គង់ដល់កងទ័ពឥណ្ឌានូវមីស៊ីលទម្ងន់ស្រាលផលិតដោយចក្រភពអង់គ្លេស ជាផ្នែកមួយនៃភាពជាដៃគូពង្រឹងអាវុធ និងភាពជាដៃគូការពារជាតិរវាងប្រទេសទាំងពីរ។
ចក្រភពអង់គ្លេសនិយាយថា ខ្លួនគោរពឯករាជ្យភាពជាយុទ្ធសាស្ត្ររបស់ប្រទេសឥណ្ឌា ហើយអាចធ្វើការជាមួយប្រទេសនានា ទោះបីជាទស្សនៈរបស់ពួកគេអាចខុសគ្នាលើបញ្ហាមួយចំនួនក៏ដោយ។