ប្រមុខការទូតរបស់ប្រទេសអ៊ីរ៉ង់ និងអារ៉ាប៊ីសាអ៊ូឌីត កាលពីថ្ងៃអាទិត្យ បានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីការពារសន្តិភាព ដោយសារតែការវាយលុករបស់អ៊ីស្រាអែល នៅក្នុងតំបន់។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំរបស់ពួកគេនៅទីក្រុងតេអេរ៉ង់ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi និងអនុរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអ៊ូឌីត ទទួលបន្ទុកកិច្ចការនយោបាយ លោក Saud bin Mohammed Al-Sati បានពិនិត្យឡើងវិញនូវវិធីដើម្បីជំរុញទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការក្នុងវិស័យនានាដែលមានផលប្រយោជន៍ទៅវិញទៅមក។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយពីក្រសួងការបរទេសអ៊ីរ៉ង់។

លោក Araghchi បានថ្កោលទោសអ្វីដែលលោកហៅថា «អំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្ម» ដែលកំពុងបន្តរបស់អ៊ីស្រាអែល នៅក្នុងទឹកដីប៉ាឡេស្ទីន និង «ការឈ្លានពាន» របស់ខ្លួនប្រឆាំងនឹងប្រទេសលីបង់ និងស៊ីរី ដោយហៅពួកវាថា ជាការគំរាមកំហែងដ៏ធំបំផុតចំពោះសន្តិភាព និងស្ថិរភាពនៅអាស៊ីខាងលិចនិងលើសពីនេះទៅទៀត។
លោកបានជំរុញឲ្យមានកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពជាងមុន ក្នុងចំណោមរដ្ឋក្នុងតំបន់ និងរដ្ឋមូស្លីម ដើម្បីទប់ស្កាត់ «ការបង្កសង្គ្រាម និងការបំពានច្បាប់» របស់អ៊ីស្រា អែល នៅអាស៊ីខាងលិច។
ចំណែកអ្នកការទូតអារ៉ាប៊ីសាអ៊ូឌីត បានគូសបញ្ជាក់ពីជំហររបស់ប្រទេសលោកលើតម្រូវការសម្រាប់ការបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីការពារសន្តិភាព និងស្ថិរភាព។
ប្រទេសអ៊ីរ៉ង់ និងអារ៉ាប៊ីសាអ៊ូឌីត បានស្ដារទំនាក់ទំនងការទូតឡើងវិញ នៅក្នុងខែមេសា ឆ្នាំ២០២៣ ដោយបញ្ចប់ការជាប់គាំងរយៈពេល ៧ឆ្នាំ។ ទីក្រុងរីយ៉ាដ បានកាត់ផ្តាច់ទំនាក់ទំនងជាមួយទីក្រុងតេអេរ៉ង់ក្នុងឆ្នាំ២០១៦ បន្ទាប់ពីក្រុមបាតុករអ៊ីរ៉ង់ បានវាយប្រហារស្ថានទូតរបស់អារ៉ាប៊ីសាអ៊ូឌីត បន្ទាប់ពីការប្រហារជីវិតបព្វជិតនិកាយស៊ីអ៊ីតម្នាក់របស់ព្រះរាជាណាចក្រនេះ៕