ទូរទស្សន៍ CNN បានរាយការណ៍ ដោយដកស្រង់ប្រភពមួយថា ក្នុងអំឡុងពេលចរចាក្រៅផ្លូវការជាមួយតំណាងអាមេរិក ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស (Nicolas Maduro) បានបង្ហាញពីត្រៀមខ្លួនរួចជាស្រេច ក្នុងការចុះចេញពីតំណែង ក្នុងរយៈពេល ១៨ ខែ។

យោងតាមរបាយការណ៍ រដ្ឋបាលរបស់លោក ម៉ាឌូរ៉ូ បានទាក់ទងទៅកាន់តំណាងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតការសន្ទនារវាងប្រទេសទាំងពីរ។ សារព័ត៌មាន CNN បានកត់សម្គាល់ថា មន្ត្រីអាមេរិកមួយចំនួន យល់ថា ការពន្យារនូវការលាលែងពីតំណែងដែលបានស្នើឡើងនោះ អាចទទួលយកបានថា ជាដំណោះស្រាយដ៏មានសក្តានុពលចំពោះជម្លោះរវាងទីក្រុងការ៉ាកាស និងទីក្រុងវ៉ាស៊ីនតោន។ ទោះជាយ៉ាងណាក៏ដោយ នៅទីបំផុត សេតវិមាន បានទទូចឲ្យប្រធានាធិបតីវ៉េណេស៊ុយអេឡាចុះចេញពីតំណែងជាបន្ទាន់។

នៅថ្ងៃទី ២៩ ខែវិច្ឆិកា លោក ត្រាំ បានប្រកាសបិទដែនអាកាសវ៉េណេស៊ុយអេឡា។
ទីក្រុងវ៉ាស៊ីនតោន បានចោទទីក្រុងការ៉ាកាសថា មិនបានប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធគ្រឿងញៀនឲ្យបានគ្រប់គ្រាន់។ ក្រោមលេសនេះ សហរដ្ឋអាមេរិកបានដាក់ពង្រាយកងកម្លាំងសំខាន់ៗ ទៅកាន់តំបន់ការ៉ាអ៊ីប រួមទាំងក្រុមវាយប្រហារដែលដឹកនាំដោយនាវាផ្ទុកយន្តហោះ Gerald R. Ford នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងកងទ័ពជាង ១៦.000នាក់។ ចាប់តាំងពីខែកញ្ញាមក កងកម្លាំងអាមេរិកបានបំផ្លាញទូកយ៉ាងហោចណាស់ ២០គ្រឿង និងបានសម្លាប់មនុស្សជាង ៨០ នាក់។
ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ម្តងហើយម្តងទៀតថា សហរដ្ឋអាមេរិកអាចនឹងវាយប្រហារប្រឆាំងនឹងប្រទេសវ៉េណេស៊ុយអេឡា ក្នុងពេលឆាប់ៗនេះ។ កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា លោក ត្រាំ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោននឹងចាប់ផ្តើមប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀនពីប្រទេសវ៉េណេស៊ុយអេឡានៅលើដីគោក ក្នុងពេលឆាប់ៗនេះ ដោយពុំបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ៕