ប្រព័ន្ធព្យុះរដូវរងារនៅចុងសប្តាហ៍កន្លងទៅនៃបុណ្យ Thanksgiving បាននាំឱ្យមានព្រិលធ្លាក់យ៉ាងក្រាស់ និងខ្យល់បក់បោកខ្លាំង ពាសពេញភាគខាងលិចប៉ែកកណ្ដាលរបស់សហរដ្ឋអាមេរិក និងផ្គររន្ទះនៅទូទាំងភាគខាងត្បូង ខណៈមនុស្ស ៥៣លាននាក់ ចាប់ពីតំបន់ South Dakota ទៅដល់រដ្ឋ New York ស្ថិតនៅក្រោមការជូនដំណឹងព្រមានអំពីអាកាសធាតុរដូវរងា។

កាលពីចុងសប្តាហ៍ ចំថ្ងៃធ្វើដំណើរដ៏មមាញឹកបំផុតប្រចាំឆ្នាំកាលពីថ្ងៃអាទិត្យ (៣០ វិច្ឆិកា) រថយន្តបុកបន្តកន្ទុយគ្នាដល់ទៅ ៤៥គ្រឿង បានកកកុញនៅលើផ្លូវលេខ៧៨ ក្នុងរដ្ឋ Indiana ហើយយន្តហោះ Delta Air Lines បានរអិលចេញពីផ្លូវរត់ នៅទីក្រុង Des Moines រដ្ឋ Iowa អំឡុងពេលចុះចត។ ពុំមានរបាយការណ៍ពីអ្នកស្លាប់ ឬរបួសក្នុងឧប្បត្តិហេតុទាំងពីរនេះទេ។

យោងតាមគេហទំព័រតាមដានការហោះហើរ FlightAware បានឱ្យដឹងថា ជើងហោះហើរសរុបជាង ១២.១០០ជើង ត្រូវពន្យារពេលនៅទូទាំងសហរដ្ឋអាមេរិក គិតត្រឹមថ្ងៃអាទិត្យ ដោយជើងហោះហើរជាង ១.៤០០ជើង ត្រូវបានលុបចោល។ អាកាសយានដ្ឋាននៅទីក្រុងឈីកាហ្គោ ទីក្រុងញូវយ៉ក និងបូស្តុន តក្នុងចំណោមទីតាំងដែលរងផលប៉ះពាល់ខ្លាំងជាងគេ។

នៅទីក្រុង Milwaukee អាជ្ញាធរបានប្រកាសអាសន្នអាកាសធាតុដោយសារព្រិល សម្រាប់យប់ថ្ងៃអាទិត្យ និងថ្ងៃចន្ទនេះ ដោយសារព្រិលធ្លាក់ខ្លាំង ហើយផ្លូវនានាក្នុងទីក្រុង នឹងត្រូវបោសស្អាត បន្ទាប់ពីព្រិលឈប់ធ្លាក់៕