ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ កាលពីថ្ងៃអាទិត្យ (៣០ វិច្ឆិកា) ថា តំបន់ហ្កាហ្សាស្ទ្រីប នៅតែប្រឈមមុខនឹងវិបត្តិមនុស្សធម៌កាន់តែស៊ីជម្រៅឡើង ដោយមន្ទីរពេទ្យ និងសេវាសំខាន់ៗកំពុងជួបការលំបាក បើទោះបីជាបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានចូលជាធរមានកាលពីថ្ងៃទី១០ ខែតុលា ក៏ដោយ។

រយៈពេលជិត ២ខែទៅហើយនៅក្នុងកិច្ចព្រមព្រៀងនេះ ភាគច្រើននៃអ្នកស្រុក ២លាននាក់ របស់ហ្កាហ្សា នៅតែរស់នៅក្នុងតង់ និងជម្រកបណ្តោះអាសន្ន ដោយមានសញ្ញាតិចតួចណាស់នៃស្ថានភាពរស់នៅប្រសើរឡើងវិញ។ ប្រព័ន្ធទឹក និងលូមិនដំណើរការ ចំណែកកាកសំណល់និងកម្ទេចកម្ទីនៅតែបន្តគរចោលដូចភ្នំ ហើយផ្លូវថ្នល់ជាច្រើននៅតែបិទដោយសារការខូចខាត។ មន្ទីរពេទ្យក៏កំពុងជួបការលំបាកជាមួយនឹងកង្វះខាតសម្ភារវេជ្ជសាស្រ្តមូលដ្ឋានជាច្រើន។

អាជ្ញាធរនៅតំបន់ហ្កាហ្សាស្ទ្រីប បានព្រមានកាលពីថ្ងៃអាទិត្យថា កង្វះខាតប្រេងឥន្ធនៈកាន់តែអាក្រក់ទៅៗ កំពុងធ្វើឱ្យខូចសេវាសំខាន់ៗ ខណៈអាជ្ញាធរអ៊ីស្រាអែល បន្តរារាំងការដឹកជញ្ជូនប្រេងឥន្ធនៈ។

វិបត្តិមនុស្សធម៌កំពុងលាតត្រដាង រួមជាមួយនឹងអំពើហិង្សាជាថ្មី។ ប្រភពសន្តិសុខប៉ាឡេស្ទីនបាននិយាយថា កងកម្លាំងអ៊ីស្រាអែល បានបាញ់ផ្លោងយ៉ាងខ្លាំង និងការបាញ់ប្រហារកាលពីព្រឹកថ្ងៃអាទិត្យ នៅភាគខាងកើតជំរំជនភៀសខ្លួន Bureij នៅកណ្តាលតំបន់ហ្កាហ្សា រួមទាំងការវាយប្រហារនៅកន្លែងផ្សេងទៀតក្នុងដែនដីប៉ាឡេស្ទីនមួយនេះ៕