អ៊ុយក្រែន៖ លំនៅឋាននៅទីក្រុង Donetsk គ្រប់គ្រងដោយក្រុមឧទ្ទាមនៅភាគខាងកើតប្រទេសអ៊ុយក្រែន ទទួលរងពីការបាញ់ផ្លោងកាលពីល្ងាចថ្ងៃអាទិត្យ ក្នុងពេលមានភាពតានតឹងកាន់តែខ្លាំងនៅតាមព្រំដែនប្រទេសរុស្ស៊ី-អ៊ុយក្រែន។ គ្រាប់កាំភ្លើងធំរាប់រយគ្រាប់បានផ្ទុះនៅតាមបណ្ដោយខ្សែបន្ទាត់បំបែករវាងទាហានអ៊ុយក្រែន និងក្រុមបំបែកខ្លួនដែលគាំទ្រដោយប្រទេសរុស្ស៊ី ខណៈមនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញពីភាគខាងកើតប្រទេសអ៊ុយក្រែន។

មន្ត្រីនៅក្នុងតំបន់ក្រុមបំបែកខ្លួនបានអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយប្រហារដោយកាំភ្លើងធំជាច្រើនថ្ងៃកន្លងមក ហើយជនស៊ីវិលពីរនាក់បានស្លាប់នៅក្នុងការវាយលុកដែលមិនបានជោគជ័យ លើភូមិមួយនៅជិតព្រំដែនប្រទេសរុស្ស៊ី។ មេដឹកនាំក្រុមផ្តាច់ខ្លួននៅភាគខាងកើតប្រទេសអ៊ុយក្រែន បានបញ្ជាឱ្យមានការចល័តយោធាពេញលេញ និងបានបញ្ជូនជនស៊ីវិលបន្ថែមទៀតទៅកាន់ប្រទេសរុស្ស៊ី ដែលបានចេញលិខិតឆ្លងដែនប្រមាណ ៧០០,០០០ ដល់ប្រជាជននៃទឹកដីដែលកាន់កាប់ដោយក្រុមឧទ្ទាម។ ការអះអាងថា ពលរដ្ឋរុស្ស៊ីកំពុងរងគ្រោះថ្នាក់អាចត្រូវបានប្រើជាហេតុផលសម្រាប់សកម្មភាពយោធា។ រុស្ស៊ីបានធ្វើសមយុទ្ធនុយក្លេអ៊ែរកាលពីថ្ងៃសៅរ៍ រួមជាមួយនឹងសមយុទ្ធធម្មតានៅក្នុងប្រទេសបេឡារុស្សដែលនៅជិតខាង និងបានធ្វើសមយុទ្ធកងទ័ពជើងទឹកដែលកំពុងបន្តនៅសមុទ្រខ្មៅ។
សហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុបបានចោទប្រកាន់ជាច្រើនខែមកហើយថា រុស្ស៊ីកំពុងព្យាយាមបង្កើតលេសដើម្បីឈ្លានពានប្រទេសអ៊ុយក្រែន។ ពួកគេបានគំរាមដាក់ទណ្ឌកម្មបន្ទាន់ ប្រសិនបើការវាយប្រហារកើតឡើង។ កងកម្លាំងអ៊ុយក្រែនបានប្រយុទ្ធជាមួយ ក្រុមឧទ្ទាមដែលគាំទ្រដោយរុស្ស៊ីតាំងពីឆ្នាំ២០១៤ នៅក្នុងជម្លោះបណ្ដាលឲ្យមនុស្សប្រមាណ ១៤,០០០នាក់ស្លាប់។ ការរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ឆ្នាំ២០១៥ រួមទាំងការបាញ់ផ្លោង និងការបាញ់ប្រហារតាមខ្សែបន្ទាត់ទំនាក់ទំនង គឺជារឿងធម្មតាដែលជារឿយៗតែងតែកើតឡើង៕
អត្ថបទ៖ ប៊ុនថន