គណៈកម្មាការរៀបចំការបោះឆ្នោតជាតិជាន់ខ្ពស់លីប៊ី (HNEC) បានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួនសម្រេចបានការត្រៀមប្រតិបត្តិការពេញលេញ ដើម្បីធ្វើការបោះឆ្នោតប្រធានាធិបតីរបស់ប្រទេសនេះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ផ្លូវការមួយដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន។
គណៈកម្មាការនេះ បាននិយាយថា ការបញ្ចប់ការបោះឆ្នោតក្រុមប្រឹក្សាក្រុងថ្មីៗនេះ បានបង្កើនសមត្ថភាពបច្ចេកទេសដែលត្រូវការ ដើម្បីគ្រប់គ្រងបញ្ហាប្រឈមដែលទាក់ទងនឹងការបោះឆ្នោតប្រធានាធិបតី និងសភា នាពេលខាងមុខ។

គណៈកម្មាការបានបន្ថែមថា ការធ្វើផែនការបឋមបង្ហាញថា ការបោះឆ្នោតអាចចាប់ផ្តើម នៅដើមខែមីនា ឆ្នាំ ២០២៦ ដោយកាលបរិច្ឆេទចាប់ផ្តើមអាចនឹងបន្តដល់ពាក់កណ្តាលខែមេសា ឆ្នាំ ២០២៦ ដោយរង់ចាំការផ្តល់មូលនិធិចាំបាច់ ការរៀបចំសន្តិសុខ និងយន្តការដែលបានព្រមព្រៀងគ្នា ដើម្បីគាំទ្រដំណើរការបោះឆ្នោត ក្នុងចំណោមវត្តមានរបស់រដ្ឋាភិបាលទាំងពីររបស់ប្រទេសនេះ។
គណៈកម្មាការក៏បានអំពាវនាវដល់បេសកកម្មគាំទ្រអង្គការសហប្រជាជាតិនៅលីប៊ី ឲ្យផ្តោតលើការដោះស្រាយជម្លោះស្នូល ជុំវិញការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដោយជំរុញឲ្យមានដំណោះស្រាយយ៉ាងឆាប់រហ័ស ដើម្បីអនុញ្ញាតឲ្យខ្លួន បន្តចេញបទបញ្ជា និងនីតិវិធីប្រតិបត្តិការដែលត្រូវការចាំបាច់។
សេចក្តីថ្លែងការណ៍នេះ បានសង្កត់ធ្ងន់ថា ដំណោះស្រាយណាមួយ ត្រូវតែមកពីប្រជាជនលីប៊ីខ្លួនឯង ដោយកត់សម្គាល់ថា ប្រទេសនេះ មិនអាចត្រូវបានកសាងឡើង តាមរយៈអន្តរាគមន៍ពីបរទេស ឬគំនិតផ្តួចផ្តើម ដែលទទួលឥទ្ធិពលពីផលប្រយោជន៍ខាងក្រៅ ឬតំបន់នោះទេ៕
