ប្រធានាធិបតីស្រីលង្កាលោក Anura Kumara Dissanayake និយាយនៅក្នុងសុន្ទរកថាចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍កាលពីថ្ងៃអាទិត្យថា ប្រទេសរបស់លោកប្រឈមនឹងប្រតិបត្តិការជួយសង្រ្គោះដ៏ពិបាកបំផុតក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ហើយព្យុះស៊ីក្លូន Ditwah គឺជាគ្រោះមហន្តរាយធម្មជាតិធំបំផុត ខណៈការងើបឡើងវិញត្រូវការពេលវេលា ។
ក្រុមមន្រ្តីនិយាយកាលពីថ្ងៃអាទិត្យថា ចំនួនមនុស្សស្លាប់សរុបនៅក្នុងប្រទេសស្រីលង្កាដោយសារព្យុះស៊ីក្លូន Ditwah បានកើនឡើងដល់ ២១២នាក់ ក្នុងនោះមនុស្ស ២១៨នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ខណៈទឹកជន់បណ្តាលឲ្យបាក់ទំនប់ ហើយប្រតិបត្តិការជួយសង្រ្គោះ បន្តឈានចូលដល់ថ្ងៃទី ៤ ។

មន្ទីរគ្រប់គ្រងគ្រោះមហន្តរាយនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា មនុស្សជិត ១លាននាក់ បានរងផលប៉ះពាល់ដោយសារភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ ដែលបានវាយប្រហារតំបន់ជាច្រើននៅប្រទេសកោះអាស៊ីខាងត្បូងមួយនេះ បង្ខំឲ្យមនុស្សជិត ២០ម៉ឺននាក់ ស្វែងរកទីជម្រក ។
ភ្លៀងធ្លាក់ខ្លាំងជាប់កំណត់ត្រា បានវាយប្រហារប្រទេសស្រីលង្កា ចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនរហូតមក បណ្តាលឲ្យមានបំណាក់ដីជាច្រើនកន្លែងនៅតាមតំបន់ភ្នំភាគកណ្តាល ខណៈទន្លេហូរប្រៀបច្រាំង បានជន់លិចទីក្រុងទាំងមូល នៅទូទាំងប្រទេស ។
មនុស្សជាង ១២០នាក់ ត្រូវបានដឹកតាមឧទ្ធម្ភាគចក្រទៅកាន់ទីកន្លែងសុវត្ថិភាព ដោយកងទ័ពអាកាស ក្រោយទឹកជន់បណ្តាលឲ្យបាក់ច្រាំងទំនប់អាងស្តុកទឹក Mavil Aru ស្ថិតនៅភាគខាងកើតប្រទេស ខណៈមនុស្សច្រើនគ្រួសារទៀត បានជាប់ខ្លួននៅក្នុងផ្ទះរបស់ពួកគេ ដោយសារទឹកជំនន់នៅរដ្ឋធានីពាណិជ្ជកម្ម Colombo ៕
