ស្រីលង្កា និងឥណ្ឌូនេស៊ី បានដាក់ពង្រាយបុគ្គលិកយោធា នៅថ្ងៃចន្ទ (ទី១ ខែធ្នូ) នេះ ដើម្បីជួយជនរងគ្រោះដោយសារទឹកជំនន់ដ៏បំផ្លិចបំផ្លាញ ដែលបានឆក់យកជីវិតមនុស្សលើសពី ១.០០០នាក់ នៅទូទាំង ៤ប្រទេស នៅតំបន់អាស៊ី ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
សូមបញ្ជាក់ថា ប្រព័ន្ធអាកាសធាតុដាច់ដោយឡែកពីគ្នា បាននាំឲ្យមានភ្លៀងធ្លាក់ខ្លាំង និងបន្តធ្លាក់ដល់កោះទាំងមូលនៃប្រទេសស្រីលង្កា និងផ្នែកដ៏ធំនៃកោះស៊ូម៉ាត្រារបស់ឥណ្ឌូនេស៊ី ភាគខាងត្បូងថៃ និងភាគខាងជើងម៉ាឡេស៊ី កាលពីសប្តាហ៍មុន។

នៅពេលទៅដល់កោះស៊ូម៉ាត្រាខាងជើង នៅថ្ងៃចន្ទនេះ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo Subianto បាននិយាយថា «អាទិភាពរបស់រដ្ឋាភិបាល ឥឡូវនេះ គឺវិធីដែលត្រូវបញ្ជូនជំនួយចាំបាច់ភ្លាមៗ»។ លោក Prabowo បានស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើងៗ ដើម្បីឲ្យប្រកាសភាពអាសន្នជាតិ ជាការឆ្លើយតបទៅនឹងទឹកជំនន់ និងបំណាក់ដីដែលបានសម្លាប់មនុស្សយ៉ាងតិច ៥០២នាក់ ដោយជាង ៥០០នាក់ទៀត កំពុងបាត់ខ្លួន។ មិនដូចសមភាគីស្រីលង្កា លោកក៏មិនបានអំពាវនាវជាសាធារណៈឲ្យមានជំនួយអន្តរជាតិនោះដែរ។
នៅប្រទេសស្រីលង្កា រដ្ឋាភិបាលបានអំពាវនាវរកជំនួយអន្តរជាតិ និងបានប្រើប្រាស់ឧទ្ធម្ភាគចក្រយោធា ដើម្បីបានទៅដល់មនុស្សដែលជាប់នៅក្នុងទឹកជំនន់ និងបំណាក់ដីដែលបង្កឡើងដោយព្យុះស៊ីក្លូន Ditwah។
ទីភ្នាក់ងារគ្រោះមហន្តរាយរបស់ស្រីលង្កា បានឲ្យដឹងនៅចន្ទនេះថា មនុស្សយ៉ាងហោចណាស់ចំនួន ៣៤០នាក់ បានបាត់បង់ជីវិត ខណៈមនុស្សជាច្រើននាក់ទៀតនៅតែបាត់ខ្លួន។ ឧទ្ធម្ភាគចក្រយោធាត្រូវបានដាក់ពង្រាយ ដើម្បីដឹកពលរដ្ឋដែលជាប់ខ្លួន និងចែកចាយស្បៀងអាហារ ទោះបីជាយន្តហោះ ១គ្រឿង បានធ្លាក់នៅភាគខាងជើងនៃទីក្រុងកូឡុំបូកាលពីល្ងាចថ្ងៃអាទិត្យ (ទី៣០ ខែវិច្ឆិកា) ក៏ដោយ។
សម្រាប់ប្រទេសថៃ អាជ្ញាធរបានប្រាប់នៅថ្ងៃចន្ទនេះថា ភ្លៀងធ្លាក់ជាបន្តបន្ទាប់បានបណ្តាលឲ្យមានទឹកជំនន់ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៧៦នាក់ នៅភាគខាងត្បូងប្រទេស ដែលជាឧប្បត្តិហេតុទឹកជំនន់ដ៏អាក្រក់បំផុត នៅក្នុងប្រទេស ក្នុងរយៈពេល ១ទសវត្សរ៍។
រីឯនៅទូទាំងព្រំដែនក្នុងប្រទេសម៉ាឡេស៊ី ជាកន្លែងដែលភ្លៀងធ្លាក់ខ្លាំងក៏បានជន់លិចតំបន់យ៉ាងច្រើននៅក្នុងរដ្ឋ Perlis នោះ មនុស្ស ២នាក់ បានបាត់បង់ជីវិត៕


