ដោយសន្លឹកឆ្នោតប្រហែល ៣៤ភាគរយនៃមណ្ឌលបោះឆ្នោតដែលត្រូវបានរាប់ ក្នុងប្រទេសហុងឌូរ៉ាស លទ្ធផលបឋម និងដោយផ្នែកៗ បានបង្ហាញថា បេក្ខជនអភិរក្សនិយម លោក Nasry Asfura និងលោក Salvador Nasralla នាំមុខក្នុងការប្រកួតប្រជែងប្រធានាធិបតី កាលពីថ្ងៃអាទិត្យ (ទី៣០ ខែវិច្ឆិកា) ហើយគណបក្សកាន់អំណាចតាមពីក្រោយ។
ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងថា លោក Asfura របស់គណបក្សជាតិ មានសន្លឹក ៥៣០.០៧៣សំឡេង នៅក្នុងការរាប់ដំបូង ខណៈលោក Nasralla របស់គណបក្សសេរីនិយម មានប្រហែល ៥០៦.៣១៦សំឡេង។ លោកស្រី Rixi Moncada នៃគណបក្សសង្គមនិយមប្រជាធិបតេយ្យ LIBRE ឬ Liberty & Re-foundation បានតាមពីក្រោយជាមួយនឹងសន្លឹកឆ្នោត ២៥៥,៩៧២សំឡេង។ តែក្រុមប្រឹក្សាមិនបានប្រកាសពីចំនួនសន្លឹកឆ្នោតសរុបនោះឡើយ។

លោក Asfura ដែលជាអតីតអភិបាលក្រុង Tegucigalpa វ័យ ៦៧ឆ្នាំ បានឈរឈ្មោះប្រកួតប្រជែង ក្នុងនាមជាអ្នកនយោបាយជាក់ស្តែង ដោយចង្អុលទៅគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏មានប្រជាប្រិយភាពរបស់លោក នៅក្នុងរដ្ឋធានី។ ត្រឹមតែប៉ុន្មានថ្ងៃ មុនការបោះឆ្នោតនេះ ប្រធានាធិបតីអាមេរិក លោក Donald Trump បានគាំទ្ររូបលោក ដោយនិយាយថា លោកនឹងប្រយុទ្ធប្រឆាំងនឹង «ក្រុមកុម្មុយនីស្តជួញដូរគ្រឿងញៀន» ជាមួយសហរដ្ឋអាមេរិក ហើយជាបេក្ខជនហុងឌូរ៉ាសតែមួយគត់ដែលរដ្ឋបាលរបស់លោក នឹងធ្វើការជាមួយ។
ហើយជាមួយគ្នានេះ ត្រឹមតែប៉ុន្មានថ្ងៃមុនការបោះឆ្នោតនេះ លោក Trump ក៏បានរិះគន់លោក Nasralla និងលោកស្រី Moncada ដោយព្រមានថា អ្នកទាំង២ អាចដឹកនាំប្រទេសហុងឌូរ៉ាសឲ្យធ្លាក់ចូលក្នុងផ្លូវដូចគ្នានឹងប្រទេសវ៉េណេស៊ុយអេឡា៕


