នគរបាលនិយាយថា មនុស្សយ៉ាងហោច ១១នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យ ក្រោយពេលរថយន្តក្រុងដឹកអ្នកដំណើរ ២គ្រឿង បុកគ្នានៅទីក្រុង Sivaganga ស្ថិតក្នុងរដ្ឋភាគខាងត្បូង Tamil Nadu ប្រទេសឥណ្ឌា ។
ពួកគេបន្តថា រថយន្តក្រុងទាំង ២គ្រឿងជាសម្បត្តិរដ្ឋ ហើយមនុស្សយ៉ាងហោច ៦០នាក់ផ្សេងទៀត បានរងរបួស ។

រថយន្តក្រុងមួយគ្រឿង បានធ្វើដំណើរចេញពីទីក្រុង Tiruppur ឆ្ពោះទៅកាន់ទីក្រុង Karaikudi ខណៈរថយន្តមួយគ្រឿងទៀត ធ្វើដំណើចេញពីទីក្រុង Karaikudi ឆ្ពោះទៅកាន់ទីក្រុងDindigul ។
ដោយឡែកមូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់នេះកើតឡើង គេនៅពុំទាន់ដឹងច្បាស់ភ្លាមៗនោះទេ ខណៈការស៊ើបអង្កេតកំពុងធ្វើឡើង ។
ក្រុមអាជ្ញានិយាយកាលពីខែមករាថា បើទោះបីជាឥណ្ឌា គឺជាទីផ្សាររថយន្តធំបំផុតទី ៣របស់ពិភពលោកយ៉ាងណាក្តី ប្រទេសមួយនេះ មានផ្លូវស្លាប់មនុស្សច្រើនបំផុត ក្នុងនោះឧបទ្ទេវហេតុគ្រោះថ្នាក់តាមផ្លូវកាលពីឆ្នាំមុន បានសម្លាប់មនុស្សប្រហែល ១៨ម៉ឺននាក់ នៅទូទាំងប្រទេស ៕
