នៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតកីឡាប៊ូល និងប៉េតង់ ឆ្នាំ២០២៥ នៅខេត្តសៀមរាប ដោយពិធីនេះក៏មានការចូលរួមពី លោក លី សារី អភិបាលរងខេត្តសៀមរាប ប្រតិភូក្រសួងអបរំ ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡារាជធានីខេត្តទាំង២៥។
ឯកឧត្ដម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានឱ្យដឹងថា ការប្រកួតកីឡាប៉េតង់ពានរង្វាន់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឆ្នាំ២០២៥ ធ្វើឡើងរយះពេលពីរថ្ងៃ គឺនៅពីថ្ងៃទី១-២ ខែធ្នូនេះ ដោយមានប្រតិភូ កីឡាករ កីឡាការិនី សរុបចំនួន ២៣៦ នាក់ អញ្ជើញមកពីរាជធានីខេត្តចំនួន២៥។ ការប្រកួតតាមរូបមន្ត បែងចែកពូល និងជម្រុះ ដោយមាន ២វិញ្ញាសា ២នាក់ទល់ ២នាក់ បុរស និង ៣នាក់ទល់ ៣នាក់ ចម្រុះ។
ថ្លែងបើកការប្រកួត ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ការប្រកួតនេះ គឺដើម្បីលើកកម្ពស់វិស័យកីឡាប៉េតង់នៅកម្ពុជា ឱ្យមានការរីកចម្រើន និងមានការចូលរួមដកស្រង់បទពិសោធន៍ បច្ចេកទេស រឹតចំណងមិត្តភាព សាមគ្គីភាព រវាងថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡារាជធានីខេត្តទាំង២៥ ផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា រាល់ការប្រកួតនីមួយៗ គឺដើម្បីដកស្រង់បទពិសោធន៍ វាស់ស្ទង់គុណផលបច្ចេកទេស ភាពសប្បាយរីករាយ ទទួលបានសុខភាពល្អ និងជៀសផុតពីភាពអសកម្មផ្សេងៗ នៅសង្គមផងដែរ។ ដោយកីឡាករ កីឡាការិនី សុទ្ធសឹងតែជាបុគ្គលិកអប់រំរបស់មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ដែលអាចនឹងទទួលបានបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការថ្មី លើគ្រប់ផ្នែកបន្ថែមទៀត៕









