ប្រជាជនអ៊ីស្រាអែលជាច្រើននាក់ បាននាំតវ៉ានៅជិតគេហដ្ឋានរបស់ប្រធានាធិបតី លោក Isaac Herzog ក្នុងទីក្រុង Tel Aviv ដើម្បីប្រឆាំងនឹងការស្នើសុំរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu ដើម្បីឲ្យមានការលើកលែងទោសពីប្រធានាធិបតី ជុំវិញការចោទប្រកាន់ពីបទពុករលួយ។
សារព័ត៌មាន The Times of Israel បានរាយការណ៍កាលពីថ្ងៃអាទិត្យ (ទី៣០ ខែវិច្ឆិកា) ថា សមាជិកសភាគណបក្សប្រឆាំង រួមទាំងសមាជិកសភា Knesset លោកស្រី Naama Lazimi ផងដែរ បានចូលរួមការតវ៉ាដែលទាមទារឲ្យលោក Herzog បដិសេធសំណើសុំលើកលែងទោសនេះ។

ក្រុមអ្នកតវ៉ាបានកាន់បដាស្តីបន្ទោសលោក Netanyahu ចំពោះវិបត្តិនយោបាយរបស់អ៊ីស្រាអែល ហើយបានស្រែកថា «អ្នកគឺជាមេដឹកនាំ អ្នកគឺជាអ្នកខុស»។ បាតុករម្នាក់ពាក់របាំងមុខរូបលោក Netanyahu និងសំម្លៀកបំពាក់ពណ៌ទឹកក្រូច ដើម្បីរំលេចពីដំណើរការកាត់ទោសពុករលួយលើរូបលោកដែលកំពុងបន្តមាន។
ការតវ៉ានេះបានកើតឡើង ស្របពេលមានប្រតិកម្មខ្លាំងខាងនយោបាយ និងជាសាធារណៈ ចំពោះចំណាត់ការរបស់លោក Netanyahu ដែលស្នើសុំឲ្យប្រធានាធិបតីបញ្ចប់ការកាត់ក្តីរយៈពេលជាច្រើនឆ្នាំលើរូបលោក។ មុននេះ មេដឹកនាំប្រឆាំងអ៊ីស្រាអែល លោក Yair Lapid បានជំរុញឲ្យលោក Herzog កុំផ្តល់ការលើកលែងទោស ប្រសិនបើលោក Netanyahu មិនទទួលកំហុស និងចូលនិវត្តន៍ពីជីវិតនយោបាយ៕

