នៅថ្ងៃចន្ទនេះ ក្រុមអាជ្ញាធរហុងកុងបានលម្អិតការស៊ើបអង្កេតចំពោះហេតុការណ៍អគ្គិភ័យស្លាប់មនុស្សច្រើនបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ដោយពួកគេចង្អុរទៅសម្ភារៈជួសជុលក្រោមស្តង់ដារថាបានបង្កឲ្យមានអគ្គិភ័យកើតឡើង ដោយសម្លាប់មនុស្សយ៉ាងហោច ១៥១នាក់ ។
នគរបាលបន្តបោសសម្អាតអគារផ្ទះល្វែង ៧ប្លុកដែលរងការឆាបឆេះ ក្នុងគ្រោះមហន្តរាយកាលពីថ្ងៃពុធសប្តាហ៍មុន នៅលើអចលនទ្រព្យ Wang Fuk Court ដោយពួកគេរកឃើញសាកសពអ្នកស្រុកនៅតាមជណ្តើរ និងនៅលើដំបូលអគារ ជាប់ខ្លួនពេលពួកគេព្យាយាមរត់គេចចេញពីអណ្តាតភ្លើង ។ មនុស្សជាង ៤០នាក់ទៀត នៅកំពុងបាត់ខ្លួន ។
លោក Tsung Shuk Yin គឺជាមន្រ្តីនគរបាលមួយរូបនិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា សាកសពជនរងគ្រោះមួយចំនួនក្លាយជាផេះ ដូច្នេះហើយ ពួកយើងមិនអាចរកឃើញមនុស្សបាត់ខ្លួនទាំងអស់បាននោះទេ ។

លោក Cheng Ka-chun មន្ត្រីទទួលបន្ទុកកិច្ចការនេះ បាននិយាយថា អង្គភាពកំណត់អត្តសញ្ញាណជនរងគ្រោះក្នុងមហន្តរាយនៃនគរបាលហុងកុង បានត្រួតពិនិត្យប្លុកអគារ Wang Fuk ដោយប្រុងប្រយ័ត្ន ហើយបានរកឃើញសាកសពទាំងនៅក្នុងអគារផ្ទះល្វែង និងនៅលើដំបូលអគារ ។
ក្រុមមន្ត្រីហុងកុងបានប្រកាសកាលពីយប់ថ្ងៃសៅរ៍ថា ពួកគេបានបញ្ជាឲ្យផ្អាកការងារជាបន្ទាន់លើគម្រោងសាងសង់ចំនួន ២៨ ដែលធ្វើឡើងដោយក្រុមហ៊ុនសំណង់ និងវិស្វកម្ម Prestige ដើម្បីធ្វើការត្រួតពិនិត្យសុវត្ថិភាព ។
សូមបញ្ជាក់ថា អគារផ្ទះល្វែងចំនួន ៨ កម្ពស់ ៣១ជាន់ នៅតំបន់ Tai Po ស្ថិតក្នុងតំបន់ជាយក្រុង ក្បែរព្រំដែនហុងកុង-ចិនដីគោកមួយនេះ ត្រូវបានសាងសង់ អំឡុងទសវត្សរ៍ឆ្នាំ ១៩៨០ ៕
