សម្តេច ប៉ាប ឡេអូ នឹងជួបជាមួយមេដឹកនាំមកពីនិកាយសាសនាផ្សេងៗគ្នារបស់ប្រទេសលីបង់ នៅថ្ងៃចន្ទ (ទី១ ខែវិច្ឆិកា) នេះ ជាកន្លែងដែលព្រះអង្គត្រូវបានគេរំពឹងថា នឹងជំរុញមេដឹកនាំទាំងនោះកុំភៀសខ្លួនចេញពីប្រទេស បើទោះបីជាមានជម្លោះជាច្រើនឆ្នាំ ភាពជាប់គាំងផ្នែកនយោបាយ និងវិបត្តិសេដ្ឋកិច្ចដែលបានជំរុញឲ្យមានការចាកចេញពីប្រទេសជាបន្តបន្ទាប់ក៏ដោយ។
ព្រះអង្គម្ចាស់ ឡេអូ ដែលជាសម្តេចប៉ាបជនជាតិអាមេរិកទី១ នឹងយាងទៅទតសហគមន៍គ្រិស្តសាសនារបស់លីបង់ មុនពេលធ្វើកិច្ចសន្ទនាអន្តរសាសនាជាមួយសមាជិកនៃសហគមន៍នៃអ្នកកាន់សាសនាឥស្លាមនិកាយ Sunni, Shia និង Druze របស់ប្រទេសលីបង់ ព្រមទាំងកម្មករអន្តោប្រវេសន៍ផងដែរ។

ជាមួយគ្នានេះ អំឡុងពេលទ្រង់ប្រថាប់នៅក្នុងប្រទេសដែលព្រះអង្គបានពិពណ៌នាថា ជាបេសកកម្មនៃសន្តិភាព សម្ដេច ប៉ាប កាលពីថ្ងៃអាទិត្យ (ទី៣០ ខែវិច្ឆិកា) បានជំរុញឲ្យមេដឹកនាំនយោបាយរបស់លីបង់បន្តកិច្ចប្រឹងប្រែងសន្តិភាព ទោះបីជាប្រឈមនឹងស្ថានភាពក្នុងតំបន់ «ដ៏ស្មុគស្មាញ ពេញដោយជម្លោះ និងភាពមិនច្បាស់លាស់ខ្ពស់» ក៏ដោយ។ សម្ដេច ប៉ាប ឡេអូ ព្រះជន្ម ៧០ព្រះវស្សា កំពុងយាងបំពេញទស្សនកិច្ច នៅលីបង់ រហូតដល់ថ្ងៃអង្គារ ជាការជើងទី២ នៃការយាងទៅក្រៅប្រទេសលើកដំបូងរបស់ព្រះអង្គ ដែលបានចាប់ផ្តើមនៅក្នុងប្រទេសទួរគី។
លីបង់ ដែលជាប្រទេសមានគ្រិស្តបរិស័ទច្រើនជាងគេបំផុត នៅតំបន់មជ្ឈិមបូព៌ា ត្រូវបានរង្គោះរង្គើដោយការផ្ទុះឡើងនូវជម្លោះ នៅតំបន់ហ្កាហ្សា ខណៈដែលអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធឥស្លាមនិកាយ Shia របស់លីបង់ គឺក្រុមហេសបូឡា បានចាប់ផ្ដើមធ្វើសង្រ្គាមជាមួយគ្នា រហូតដល់អ៊ីស្រាអែលបើកការវាយលុកដ៏បំផ្លិចបំផ្លាញ៕
