រុស្ស៊ី នៅថ្ងៃចន្ទ (ទី១ ខែធ្នូ) នេះ បានលើកឡើងថា ការកត់សម្គាល់របស់មន្ត្រីយោធាជាន់ខ្ពស់បំផុតរបស់អង្គការណាតូ (NATO) ដែលថា សម្ព័ន្ធមិត្តយោធាដឹកនាំដោយសហរដ្ឋអាមេរិកមួយនេះ អាចគិតគូពី «ការវាយប្រហារជាមុន» គឺជាការមិនទទួលខុសត្រូវបំផុត និងជាការប៉ុនប៉ងឆ្ពោះទៅរកការបង្កើនភាពតានតឹង។
លោកឧត្តមនាវីឯក Giuseppe Cavo Dragone បានប្រាប់សារព័ត៌មាន Financial Times ថា អង្គការណាតូកំពុងសម្លឹងមើលការបង្កើននូវការឆ្លើយតបរបស់ខ្លួន ចំពោះសង្គ្រាមកូនកាត់ពីទីក្រុងមូស្គូ ហើយបាននិយាយថា «ការវាយប្រហារជាមុន» អាចត្រូវបានចាត់ទុកថា ជា «វិធានការការពារ»។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយថា ការកត់សម្គាល់នេះ ត្រូវបានទីក្រុងមូស្គូមើលឃើញថា ជា «ចំណាត់ការគ្មានការទទួលខុសត្រូវបំផុត ដែលបង្ហាញពីការត្រៀមខ្លួនរបស់សម្ព័ន្ធមិត្តមួយនេះ ក្នុងការបន្តឆ្ពោះទៅរកការធ្វើឲ្យភាពតានតឹងកាន់តែកើនឡើង»។
លោក Zakharova បានបន្ថែមថា៖ «យើងមើលឃើញថា នោះគឺជាការប៉ុនប៉ងដោយចេតនា ដើម្បីធ្វើឲ្យខូចដល់កិច្ចប្រឹងប្រែង ដើម្បីជម្នះលើវិបត្តិអ៊ុយក្រែន។ អ្នកដែលធ្វើសេចក្តីថ្លែងការណ៍បែបនេះ គួរតែដឹងពីហានិភ័យ និងផលវិបាកដែលអាចកើតមាន ក្នុងនោះរួមទាំង ចំពោះបណ្ដាសមាជិកសម្ព័ន្ធភាពផងដែរ»៕
