ប្រមុខតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) នៅថ្ងៃចន្ទ (ទី១ ខែធ្នូ) នេះ បានលើកឡើងថា ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកដែលដាក់លើមន្ត្រីតុលាការជាន់ខ្ពស់រំខានដល់ជីវិតផ្ទាល់ខ្លួនរបស់ពួកគេ ប៉ុន្តែបានប្តេជ្ញាថា ស្ថាប័ននេះនឹងមិនរងសម្ពាធពីខាងក្រៅឡើយ។

រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump បានកំណត់ដាក់ទណ្ឌកម្មលើមន្ត្រី ICC ៩រូប ក្នុងនោះមានរួមទាំងរដ្ឋអាជ្ញា និងចៅក្រមផងដែរ កាលពីដើមឆ្នាំនេះ ជាការសងសឹក ចំពោះការស៊ើបអង្កេតដែលសង្ស័យថា ជាឧក្រិដ្ឋកម្មសង្គ្រាមរបស់អ៊ីស្រាអែល។ ប្រភពបាននិយាយថា ទីក្រុងវ៉ាស៊ីនតោនក៏កំពុងពិចារណាដាក់ទណ្ឌកម្មប្រឆាំងនឹងស្ថាប័នតុលាការទាំងមូលដែរ។
ក្នុងទីក្រុងឡាអេ ប្រទេសហូឡង់ នៅថ្ងៃដំបូងនៃកិច្ចប្រជុំប្រចាំឆ្នាំនៃស្ថាប័នគ្រប់គ្រងតុលាការ ដែលត្រូវបានចូលរួមដោយតំណាងនៃរដ្ឋសមាជិកចំនួន ១២៥ របស់ខ្លួន លោកស្រីចៅក្រម Tomoko Akane បាននិយាយថា៖ «យើងមិនទទួលយកសម្ពាធប្រភេទណាមួយពីនរណាម្នាក់ ជុំវិញបញ្ហាបកស្រាយក្របខ័ណ្ឌច្បាប់ និងការវិនិច្ឆ័យលើសំណុំរឿងនានាឡើយ»។
លោក Akane បានបញ្ជាក់បន្ថែមថា ការដាក់ទណ្ឌកម្មបានធ្វើឲ្យជីវិតគ្រួសាររបស់មន្ត្រីត្រូវបានកំណត់គោលដៅទាំងនោះជួបបញ្ហា និងរំខានដល់ប្រតិបត្តិការហិរញ្ញវត្ថុរបស់ពួកគេ សូម្បីតែនៅក្នុងរដ្ឋសមាជិក ICC នៅអឺរ៉ុប៕
