ប្រធានាធិបតី លោក Volodymyr Zelenskiy នៅថ្ងៃចន្ទ (ទី១ ខែធ្នូ) នេះ បានប្រាប់ឲ្យដឹងថា បញ្ហាពិបាកៗ មិនទាន់ត្រូវបានដោះស្រាយនៅឡើយទេ បន្ទាប់ពីមានកិច្ចចរចា រវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន នៅរដ្ឋ Florida ខណៈដែលលោក និងមន្ត្រីអ៊ុយក្រែនផ្សេងទៀត បានធ្វើទស្សនកិច្ចនៅអឺរ៉ុប ដើម្បីជួបជុំជាមួយសម្ព័ន្ធមិត្ត ហើយបេសកជនរបស់លោក Donald Trump បានធ្វើដំណើរទៅកាន់ទីក្រុងមូស្គូ ដើម្បីផ្ដល់ព័ត៌មានដល់វិមានក្រឹមឡាំង អំពីកិច្ចពិភាក្សានោះ។
ការពង្រឹងកិច្ចការការទូត ដើម្បីបញ្ចប់សង្រ្គាមដ៏បង្ហូរឈាមបំផុតរបស់អឺរ៉ុប ក្នុងរយៈពេលជាច្រើនជំនាន់ បានមានភាពសកម្មកាន់តែខ្លាំងឡើង នៅថ្ងៃចន្ទនេះ បន្ទាប់ពីមន្ត្រីសហរដ្ឋអាមេរិក និងអ៊ុយក្រែន បានពិភាក្សាគ្នានៅឯរមណីយដ្ឋានវាយកូនហ្គោល ដែលត្រូវបានសាងសង់ដោយបេសកជនរបស់លោក Trump និងជាជំនួញធំខាងអចលនទ្រព្យ គឺលោក Steve Witkoff។
លោក Zelenskiy ដែលកំពុងស្ថិតនៅទីក្រុងប៉ារីស ត្រូវបានប្រធានាធិបតីបារាំង លោក Emmanuel Macron បង្ហាញពីការគាំទ្រ នៅថ្ងៃចន្ទនេះ ហើយនឹងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសអៀរឡង់ នៅថ្ងៃអង្គារ។ ចំណែករដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ត្រូវជួបប្រជុំជាមួយអង្គការណាតូ នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក។ ទន្ទឹមនឹងនោះ លោក Witkoff ត្រូវបានធ្វើដំណើរទៅកាន់ទីក្រុងមូស្គូ ជាកន្លែងដែលលោកនឹងជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅថ្ងៃអង្គារដែរ។
គួរបញ្ជាក់ថា ទីក្រុងគីវ និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន បាននិងកំពុងជំរុញឲ្យទីក្រុងវ៉ាស៊ីនតោនពិនិត្យឡើងវិញនូវផែនការសន្តិភាពរបស់សហរដ្ឋអាមេរិក ដែលដំបូងឡើយ បានគាំទ្រការទាមទារសំខាន់ៗរបស់រុស្ស៊ី ដែលមានដូចជាឲ្យអ៊ុយក្រែនបោះបង់ដែនដីបន្ថែមទៀត កម្រិតទំហំនៃកងទ័ពរបស់ខ្លួន បោះបង់ការប៉ុនប៉ងចូលរួមក្នុងអង្គការណាតូ និងត្រូវបានរារាំងមិនឲ្យធ្វើជាទីកន្លែងឈរជើងរបស់កងទ័ពលោកខាងលិចឡើយ៕