មេដឹកនាំយោធានៃប្រទេសហ្គីណេប៊ីស្សូ បានហាមឃាត់មិនឲ្យធ្វើការតវ៉ា និងកូដកម្ម ខណៈដែលពួកគេរឹតបន្តឹងការគ្រប់គ្រង មុនពេលមានដំណើរទស្សនកិច្ចកម្រិតខ្ពស់ពីប្លុក ECOWAS របស់អាហ្វ្រិកខាងលិច ដែលកំពុងស្វែងរកការស្តារឡើងវិញនូវសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ ក្រោយរដ្ឋប្រហារកាលពីសប្តាហ៍មុន។
រដ្ឋាភិបាលយោធាដែលបានដណ្តើមអំណាច នៅក្នុងអ្វីដែលមេដឹកនាំអាហ្វ្រិកខាងលិចមួយចំនួន បានចាត់ទុកថា ជារដ្ឋប្រហារ «ដ៏គួរឲ្យអាម៉ាស់« បានប្រកាសកាលពីល្ងាចថ្ងៃអាទិត្យ (ទី៣០ ខែវិច្ឆិកា) ថា រាល់បាតុកម្ម កូដកម្ម និងសកម្មភាពដែលត្រូវបានចាត់ទុកថា ជាការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាព ត្រូវបានហាមឃាត់។
សេចក្តីណែនាំក៏បានបញ្ជាផងដែរឲ្យស្ថាប័នសាធារណៈ ក្រសួង និងរដ្ឋលេខាធិការដ្ឋាន បើកដំណើរការឡើងវិញ និងចាប់ផ្ដើមប្រតិបត្តិការឡើងវិញ។
សេចក្តីប្រកាសនេះបានធ្វើឡើងបន្ទាប់ពីមានការតវ៉ា នៅទីក្រុង Bissau កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក ដែលមនុស្សរាប់រយនាក់ ភាគច្រើនជាយុវជន បានទាមទារឲ្យមានការដោះលែងមេដឹកនាំគណបក្សប្រឆាំងដែលកំពុងជាប់ឃុំ និងការចេញផ្សាយនូវលទ្ធផលបោះឆ្នោតប្រធានាធិបតី។
ក្រុមសម្រុះសម្រួលពីសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិច (ECOWAS) ត្រូវបានរំពឹងថា ទៅដល់ទីក្រុង Bissau នៅថ្ងៃចន្ទនេះ៕