នៅជំរំជនភៀសខ្លួនស្ថិតនៅតាមព្រំដែនឆាដ-ស៊ូដង់ អ្នកស្រី Najwa Isa Adam វ័យ ៣២ឆ្នាំ ផ្តល់អាហារដល់កុមារកំព្រាស៊ូដង់មកពីទីក្រុង al-Fashir ជាទីដែលកងកម្លាំងប៉ារ៉ា RSF ដណ្តើមគ្រប់គ្រងនៅប្រទេសស៊ូដង់ ។
អ្នកស្រី Adam ខ្លួនគាត់ផ្ទាល់ក៏ជាជនភៀសខ្លួនមកពីទីក្រុង al-Fashir ផងដែរ ហើយអ្នកស្រីបានធ្វើដំណើរមកដល់ជំរំជនភៀសខ្លួនព្រំដែនឆាដ កាលពីខែតុលា ។ អ្នកស្រីត្រូវបានចាប់ពង្រាត់ដោយយុទ្ធជន RSF ៤រូបដែលបានចាប់រំលោភរូបគាត់ម្តងហើយម្តងទៀត ។ បុរសម្នាក់ដែលដើរកាត់ឮគាត់យំ បានជួយឲ្យគាត់រត់គេច ។
បច្ចុប្បន្ន អ្នកស្រី ទិញ និងរៀបចំអាហារសម្រាប់គ្រួសារជនភៀសខ្លួនមកដល់ថ្មី ដោយប្រើប្រាស់ប្រាក់ដែលបរិច្ចាគដោយជនភៀសខ្លួនផ្សេងទៀតរស់នៅក្នុងទីក្រុងព្រំដែន Tine ។
អ្នកស្រីនិយាយថា ពួកយើងរស់នៅដោយសារការបរិច្ចាគពីមនុស្សនៅទីក្រុង Tine ។ គ្រួសារភៀសខ្លួនដែលមកដល់ទីក្រុងព្រំដែននេះ ស្វែងរកបានជំនួយមនុស្សធម៌អន្តរជាតិតិចតួចប៉ុណ្ណោះ ។ ប្រភពអាហារតែមួយគត់ គឺទទួលបានពីការបរិច្ចាគរបស់ជនភៀសខ្លួនផ្សេងទៀតនៅក្នុងទីក្រុង ។
អង្គការក្រៅរដ្ឋាភិបាលមួយក្តាប់តូចប៉ុណ្ណោះ ធ្វើការនៅក្នុងទីក្រុង Tine រួមទាំងក្រុមគ្រូពេទ្យគ្មានព្រំដែន(MSF) ដែលមានគ្លីនិកចល័តនៅតាមព្រំដែន និងនៅតាមអគារផ្ទះល្វែងតូចៗ បើកដំណើរការ ៣ថ្ងៃ ក្នុង ១សប្តាហ៍ នៅតាមជំរំ ។
អ្នកស្រី Josh Sim គឺជាគិលានុបដ្ឋាយិកាសង្រ្គោះបន្ទាន់របស់ MSFនិយាយថា ប្រហែល ក្មេងម្នាក់ ក្នុងចំណោម ៤នាក់ ដែលក្រុម MSF ឃើញនៅក្នុងជំរំ ជួបកង្វះអាហារូបត្ថម្ភ គឺជាស្ថានភាពមួយដែលកាន់តែធ្ងន់ធ្ងរទៅ ជាមួយនឹងការមកដល់របស់គ្រួសាររត់ភៀសខ្លួនចេញពីទីក្រុង al-Fashir ៕