ក្រុមអាជ្ញាធរហុងកុងបាននិយាយកាលពីថ្ងៃចន្ទ១ធ្នូដើមសប្ដាហ៍នេះថា ពួកគេបានចាប់ខ្លួនមនុស្ស ១៤នាក់ សង្ស័យពីបទមនុស្សឃាតក្នុងការស៊ើបអង្កេតអគ្គិភ័យដ៏សាហាវបំផុតរបស់ទីក្រុងក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដោយចង្អុលទៅកាន់សម្ភារៈជួសជុលមានគុណភាពទាបងាយបញ្ឆេះឲ្យមានអគ្គភ័យដែលបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ១៥១នាក់។

នគរបាលបានបន្តបោសសម្អាតប៉មទាំងប្រាំពីរដែលត្រូវបានឆេះខ្ទេចខ្ទីនៅក្នុងគ្រោះមហន្តរាយកាលពីថ្ងៃពុធសប្ដាហ៍មុន នៅឯប្លុកអចលនាទ្រព្យ Wang Fuk Court Estate ដោយបានរកឃើញសាកសពអ្នកស្រុកនៅក្នុងជណ្តើរ និងនៅលើដំបូលផ្ទះ ជាប់ខ្លួននៅពេលពួកគេព្យាយាមរត់គេចពីអណ្តាតភ្លើង។

មន្ត្រីនគរបាលលោក Tsang Shuk-yin បានប្រាប់ក្រុមអ្នកសារព័ត៌មានទាំងថប់អារម្មណ៍ថា មនុស្សជាង ៤០នាក់នៅតែបាត់ខ្លួន។សាកសពមួយចំនួនបានក្លាយទៅជាផេះផង់ ដូច្នេះពួកលោកប្រហែលជាមិនអាចរកឃើញមនុស្សដែលបាត់ខ្លួនទាំងអស់បានទេ។ មន្ត្រីដែលត្រួតពិនិត្យការស៊ើបអង្កេតបានប្រាប់សន្និសីទសារព័ត៌មានថា ការធ្វើតេស្តលើគំរូជាច្រើននៃសំណាញ់ពណ៌បៃតងដែលត្រូវបានរុំជុំវិញរនាំងឫស្សីនៅលើអគារនៅពេលមានអគ្គិភ័យ មិនត្រូវគ្នានឹងបទដ្ឋានធន់នឹងភ្លើងទេ ។
លោក Eric Chan ប្រធានរដ្ឋបាលក្រុងហុងកុងបាននិយាយថា ក្រុមអ្នកម៉ៅការដែលធ្វើការជួសជុលបានប្រើប្រាស់សម្ភារៈមិនត្រូវបទដ្ឋានទាំងនេះនៅតំបន់ដែលពិបាកចូលដល់ ដែលលាក់បាំងពីក្រុមអ្នកត្រួតពិនិត្យយ៉ាងមានប្រសិទ្ធភាព។
ក្រុមមន្ត្រីបាននិយាយថា សម្ភារៈអ៊ីសូឡង់ស្នោដែលប្រើដោយក្រុមហ៊ុនម៉ៅការក៏បានបង្កឲ្យមានអណ្តាតភ្លើងឆាបឆេះផងដែរ ហើយឧបករណ៍ប្រកាសអាសន្នអគ្គិភ័យនៅតាមអគារមិនដំណើរការត្រឹមត្រូវទេ៕

