សហភាពអឺរ៉ុប និងកាណាដា កាលពីថ្ងៃចន្ទ ទី១ ខែធ្នូ បានប្រកាសពីកិច្ចព្រមព្រៀងមួយដែលអនុញ្ញាតឱ្យទីក្រុងអូតាវ៉ា ចូលរួមក្នុងកម្មវិធីហិរញ្ញប្បទានការពារជាតិអឺរ៉ុបចំនួន១៥០ពាន់លានអឺរ៉ូ (១៧៤ ពាន់លានដុល្លារអាមេរិក) ដែលមានឈ្មោះថា សកម្មភាពសន្តិសុខសម្រាប់អឺរ៉ុប(SAFE)។

លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប និងនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមថា «នៅក្នុងពេលវេលាដ៏ច្របូកច្របល់ខាងភូមិសាស្ត្រនយោបាយទាំងនេះ សកម្មភាពសន្តិសុខសម្រាប់អឺរ៉ុប(SAFE) គឺជាមធ្យោបាយមួយដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ បំពេញគោលដៅការពារជាតិ និងចំណាយកាន់តែប្រសើរ ខណៈយើងដោះស្រាយបញ្ហាបន្ទាន់រយៈពេលខ្លី និងតម្រូវការរយៈពេលវែង»។

ភាគីទាំងពីរបានស្វាគមន៍កិច្ចព្រមព្រៀង ដោយផ្តល់ឱ្យកាណាដានូវសិទ្ធិដើម្បីចូលរួមក្នុងកម្មវិធីនេះ ដោយចាត់ទុកថាជា «ជំហានបន្ទាប់ក្នុងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងជានិមិត្តរូបនៃអាទិភាពរួមរបស់សហភាពអឺរ៉ុប និងប្រទេសកាណាដា»។
ភាគីទាំងពីរនិយាយថា «រួមគ្នា យើងនឹងបង្កើតខ្សែច្រវ៉ាក់ផ្គត់ផ្គង់ការពារជាតិដែលធន់រវាងឧស្សាហកម្មរបស់យើងនៅក្នុងពេលវេលាដ៏សំខាន់សម្រាប់សន្តិសុខសកល»។ កម្មវិធីសកម្មភាពសន្តិសុខសម្រាប់អឺរ៉ុប(SAFE) មានគោលបំណងផ្តល់ប្រាក់កម្ចីដល់ប្រទេសដែលចូលរួមលើលក្ខខណ្ឌអំណោយផលនានា ដើម្បីរួមគ្នាទិញសព្វាវុធរួមជាមួយដៃគូផ្សេងទៀត។
សហភាពអឺរ៉ុប កំពុងសម្លឹងមើលការជំរុញឧស្សាហកម្មការពារជាតិរបស់ខ្លួន ដើម្បីទប់ទល់ទៅនឹងការគំរាមកំហែងផ្នែកយោធាដែលកំពុងកើនឡើងពីប្រទេសរុស្ស៊ី រួមជាមួយនឹងការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីសហភាពអឺរ៉ុប។