ប្រទេសចិន និងជប៉ុន បានផ្តល់របាយការណ៍ផ្ទុយគ្នាអំពីការប្រឈមមុខនៅដែនទឹក ដែលពាក់ព័ន្ធនឹងឆ្មាំល្បាតឆ្នេររបស់ប្រទេសទាំងពីរ និងនាវានេសាទជប៉ុនមួយគ្រឿង នៅជុំវិញប្រជុំកោះ Senkaku ដែលមានជម្លោះ នៅក្នុងថ្ងៃអង្គារ (២ ធ្នូ) នេះ។

ឆ្មាំល្បាតឆ្នេរចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាវានេសាទជប៉ុន បានចូលទៅក្នុងដែនទឹកនៃប្រជុំកោះ Senkaku — ដែលទីក្រុងប៉េកាំង ហៅថាកោះ Diaoyu — ដោយខុសច្បាប់ មុនពេលត្រូវបានបណ្តេញចេញ ដោយអះអាងថា ប្រជុំកោះនោះជាទឹកដីរបស់ចិន។

ដោយឡែក ឆ្មាំល្បាតឆ្នេរជប៉ុន បាននិយាយថា ខ្លួនបានស្កាត់ និងបណ្តេញនាវាឆ្មាំល្បាតឆ្នេរចិន ចំនួន ២គ្រឿង នៅពេលដែលពួកគេបានចូលទៅជិតនាវានេសាទ នៅព្រឹកព្រលឹមថ្ងៃអង្គារនេះ។

គួរឱ្យដឹងថា ប្រទេសចិន និងជប៉ុន កំពុងតែជាប់គាំងនៅក្នុងជម្លោះការទូតដ៏តានតឹង ដែលកើនឡើងខ្លាំងបន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានប្រាប់សភានៅថ្ងៃទី៧ ខែវិច្ឆិកាថា ការវាយក្រសោបរបស់ប្រទេសចិន លើកោះស្វ័យគ្រប់គ្រងតៃវ៉ាន់ អាចនាំឱ្យមានការឆ្លើយតបខាងយោធាពីទីក្រុងតូក្យូ៕