នៅថ្ងៃអង្គារ (២ ធ្នូ) នេះ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Samsung Electronics បានបើកបង្ហាញទូរសព្ទស្មាតហ្វូនអេក្រង់បត់ពហុជាន់ (Multi-Folding) ម៉ូដែលថ្មីដំបូងបង្អស់ ក្នុងគោលបំណងពង្រឹងជំហររបស់ខ្លួនក្នុងវិស័យទីផ្សារសកល ស្របពេលការប្រកួតប្រជែងឡើងកម្ដៅកាន់តែខ្លាំង។

ការចេញលក់ម៉ូដែល Galaxy Z TriFold (អេក្រង់បត់ ៣ជាន់) ថ្មីនេះ បានបង្ហាញពីកិច្ចប្រឹងប្រែងរបស់ Samsung ក្នុងការពង្រឹងជំហររបស់ខ្លួន នៅក្នុងវិស័យមួយដែលគូប្រជែងនៅចិន កំពុងតែមានប្រៀប ទោះបីជាអ្នកវិភាគនិយាយថា តម្លៃខ្ពស់ខ្លាំងនិងបញ្ហាប្រឈមក្នុងផលិតកម្ម មានន័យថា ស្មាតហ្វូនដែលអាចបត់អាក្រង់បានច្រើនជាន់បែបនេះ ទំនងនៅតែជាប្រភេទពិសេស ដែលអាចទទួលបានទីផ្សារតូចប៉ុណ្ណោះ សម្រាប់ពេលនេះ។

ម៉ូដែល Samsung ថ្មីនេះមានតម្លៃប្រហែល ៣,៥៩លានវ៉ុន (ឬប្រមាណជា ២៤៤០,១៧ដុល្លារអាមេរិក) ដែលអាចពន្លាតទៅជាអេក្រង់ទំហំ ២៥៣,១មីលីម៉ែត្រ (ឬ ១០អ៊ីញ) ដោយប្រើបន្ទះអេក្រង់ចំនួន៣ ហើយមានទំហំធំជាងម៉ូដែលអេក្រង់បត់ Galaxy Z Fold 7 ចុងក្រោយបំផុតរបស់ Samsung ជិត ២៥%។ មូដែលនេះមានថាមពលថ្មធំបំផុតក្នុងចំណោមស៊េរីដូចគ្នា ដោយគាំទ្រដល់ការសាកថ្មលឿន ដែលអាចសាកថាមពលថ្មបាន ៥០% ក្នុងពេលត្រឹមតែ ៣០នាទី។
ម៉ូដែលបត់អេក្រង់ ៣ជាន់ ឬហៅថា TriFold ដែលផលិតនៅកូរ៉េខាងត្បូងនេះ នឹងដាក់លក់ក្នុងស្រុកនៅថ្ងៃទី១២ ខែធ្នូ ខាងមុខ ហើយនឹងដាក់លក់នៅប្រទេសចិន សិង្ហបុរី កោះតៃវ៉ាន់ និងអារ៉ាប់រួម ក្នុងឆ្នាំ២០២៥ នេះ។ ការបើកលក់នៅសហរដ្ឋអាមេរិក ត្រូវបានរំពឹងទុកនៅដើមត្រីមាសទី១ នៃឆ្នាំក្រោយ៕

