អ៊ុយក្រែន៖ មនុស្សជាច្រើនគ្រួសារបានឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យមួយកន្លែង កាលពីថ្ងៃចន្ទក្នុងប្រទេសអ៊ុយក្រែនភាគខាងកើត ជាការចាកចេញពីតំបន់ដែលគ្រប់គ្រងដោយក្រុមផ្ដាច់ខ្លួនគាំទ្ររុស្ស៊ី ដែលបានប្រកាសឲ្យមានការជម្លៀសពលរដ្ឋដ៏ច្រើនដោយសារតែការភ័យខ្លាចថា នឹងមានសង្គ្រាមផ្ទុះឡើង។

ស្ត្រីដែលជាម្ដាយមានកូន ២នាក់គឺអ្នកស្រី Yulia Parhomenko បាននិយាយថា អ្នកស្រីគឺជាពលរដ្ឋម្នាក់ក្នុងចំណោមជាច្រើនចុងក្រោយ ដែលបានចាកចេញពីទីក្រុង Yasynuvata ដែលគ្រប់គ្រងដោយក្រុមផ្ដាច់ខ្លួនដើម្បីការពារកូនៗរបស់គាត់។ អ្នកស្រីនិយាយថា បន្ទាប់ពីការជម្លៀសត្រូវបានប្រកាស អ្នកស្រុកទាំងអស់បានចាកចេញ បន្ទាប់ពីការឆ្លងកាត់ច្រកប៉ុស្តិ៍ត្រួតពិនិត្យចូលទៅក្នុងដែនដី គ្រប់គ្រងដោយរដ្ឋាភិបាលអ៊ុយក្រែន។ ចំណែកប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង Yasynuvata ម្នាក់ទៀតគឺអ្នកស្រី Anastasia Polenko បាននិយាយថា អ្នកស្រីបានសម្រេចចិត្តចាកចេញពីទីក្រុងនេះ បន្ទាប់ពីអ្នកជិតខាងជាច្រើនរបស់អ្នកស្រីបានចាកចេញពីអគារ ដែលអ្នកស្រីកំពុងរស់នៅ។
នៅក្នុងតំបន់ Luhansk និងតំបន់ Donetsk ស្ថិតនៅភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន ក្រុមមេដឹកនាំផ្ដាច់ខ្លួនបានបញ្ជាឲ្យចល័តយោធាគ្រប់ទីកន្លែង និងជម្លៀសជនស៊ីវិលតាមរថយន្តក្រុងទៅកាន់ប្រទេសរុស្ស៊ី ដែលបានចេញលិខិតឆ្លងដែនប្រមាណ ៧០០,០០០ ដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងដែនដីនានាគ្រប់គ្រងដោយក្រុមឧទ្ទាម។ ចាប់តាំងពីថ្ងៃព្រហស្បតិ៍មក ការបាញ់ផ្លោងគ្រាប់កាំភ្លើងធំបានកើនឡើងនៅតាមបណ្ដោយព្រំដែន សម្រាប់ការទំនាក់ទំនងដែលខណ្ឌចែករវាងកងកម្លាំងអ៊ុយក្រែន និងក្រុមឧទ្ទាមគាំទ្រដោយរុស្ស៊ីនៅក្នុងកណ្ដាលតំបន់ឧស្សាហកម្ម Donbas ភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន។ គួររម្លឹកថា មនុស្សជាង ១៤,០០០នាក់បានស្លាប់ចាប់តាំងពីជម្លោះបានផ្ទុះឡើងក្នុងឆ្នាំ២០១៤ ភ្លាមៗបន្ទាប់ពីទីក្រុងមូស្គូដាក់បញ្ចូលឧបទ្វីបគ្រីមៀរបស់អ៊ុយក្រែន ចូលជាឧបសម្ព័ន្ធរបស់រុស្ស៊ី៕
អត្ថបទ៖ សុខមាន