ប្រធានាធិបតីអាមេរិក លោក Donald Trump បានអញ្ជើញលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ទៅកាន់ទីក្រុងវ៉ាស៊ីនតោន សម្រាប់កិច្ចប្រជុំកំពូលមួយនៅសេតវិមាន "នាពេលអនាគតដ៏ខ្លីខាងមុខ" នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីការិយាល័យមេដឹកនាំអ៊ីស្រាអែល នៅថ្ងៃចន្ទ (១ ធ្នូ)។

សេចក្តីថ្លែងការណ៍បន្តថា ការអញ្ជើញនេះត្រូវបានដាក់ចេញក្នុងអំឡុងពេលសន្ទនាតាមទូរសព្ទមួយ ដែលមេដឹកនាំទាំងពីរ បានធ្វើឡើងអំពីបញ្ហាប្រឈមផ្នែកសន្តិសុខដែលកំពុងបន្ត ជាពិសេសផ្តោតលើតំបន់ហ្កាហ្សាស្ទ្រីប។ ពុំមានកាលបរិច្ឆេទជាក់លាក់ណាមួយត្រូវបានផ្ដល់ឱ្យ សម្រាប់កិច្ចប្រជុំនៅទីក្រុងវ៉ាស៊ីនតោននោះទេ។

ការិយាល័យរបស់លោក Netanyahu បាននិយាយថា នៅក្នុងជំនួបទូរសព្ទនោះ "មេដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់ និងកាតព្វកិច្ចនៃការរំសាយអាវុធរបស់ក្រុមហាម៉ាស និងលុបបំបាត់យោធានៅតំបន់ហ្កាហ្សាស្ទ្រីប ហើយក៏បានពិភាក្សាអំពីការពង្រីកកិច្ចព្រមព្រៀងសន្តិភាពផងដែរ"។
សេតវិមានមិនបានបញ្ជាក់ភ្លាមៗពីសេចក្ដីលម្អិតនៃជំនួបទូរសព្ទ ឬការអញ្ជើញនេះទេ។ គួរឱ្យដឹងថា ការផ្លាស់ប្តូរការទូតបែបនេះត្រូវបានឃ្លាំមើលយ៉ាងដិតដល់ ហើយការបញ្ជាក់ជាផ្លូវការពីសហរដ្ឋអាមេរិក នឹងពង្រឹងគម្រោងកិច្ចប្រជុំឱ្យកាន់តែច្បាស់។ ដំណឹងនេះកើតឡើងចំពេលភាពតានតឹងនៅក្នុងតំបន់មជ្ឈិមបូព៌ា កាន់តែស្មុគស្មាញឡើង៕