កីឡាករលោតកំពស់ប្រើថ្នោលស៊ុយអែត Mondo Duplantis និងកីឡាការិនីអាមេរិក Sydney McLaughlin-Levrone ត្រូវបានបោះឆ្នោតជ្រើសរើសជាអត្តពលិកឆ្នើមប្រចាំឆ្នាំ តាមរយៈសមិទ្ធផលអស្ចារ្យរបស់ពួកគេ។
Mondo Duplantis បានការពារមេដាយមាសរបស់ខ្លួនក្នុងការប្រកួតជើងឯកពិភពលោកនៅទីក្រុងតូក្យូប្រទេស ជប៉ុនកាលពីខែកញ្ញា មុនពេលដែលបានបំបែកកំណត់ត្រាខ្លួនឯងបួនលើក និងមិនចាញ់សោះ ១៦ ប្រកួតជាប់គ្នា។
កីឡាករវ័យ ២៦ ឆ្នាំរូបនេះ ថែមទាំងឈ្នះការប្រកួតកីឡាលោតកំពស់ប្រើថ្នោលនេះលើកទីប្រាំផងដែរនៅព្រឹត្តិការណ៍ Diamond League។
ងាកមកផ្នែកនារីវិញ កីឡាការិនីអាមេរិក Sydney McLaughlin-Levrone មិនខុសពី Duplantis ឡើយ ពោលគឺនាងមិនចាញ់ការប្រកួតរយៈពេលពីរឆ្នាំមកហើយ ទាំងនៅវិញ្ញាសារត់ ៤០០ ម៉ែត្រ និងរត់ផ្លោះរបង ៤០០ ម៉ែត្រ។
ជ័យជំនះរបស់នាងនៅទីក្រុងតូក្យូស្ថិតក្នុងថេរវេលា ៤៧ វិនាទី ៧៨ គឺជាថេរវេលាលឿនបំផុតទីពីរក្នុងប្រវត្តិសាស្រ្តកីឡារត់ប្រណាំង ៤០០ ម៉ែត្រនារីនេះ ខណៈកីឡាការិនីវ័យ ២៦ ឆ្នាំរូបនេះ ក៏បានក្លាយជាកីឡាការិនីដំបូងផងដែរដែលឈ្នះជើងឯកពិភពលោកទាំងពីរវិញ្ញាសារត់ ៤០០ ម៉ែត្រ និងរត់ផ្លោះរបង ៤០០ ម៉ែត្រនេះ។
ក្រៅពីនេះ McLaughlin ក៏ជាសមាជិកនៃក្រុមដែលឈ្នះជើងឯកពិភពលោកវិញ្ញាសារត់បណ្តាក់ ៤x៤០០ ម៉ែត្រផងដែរ៕ អត្ថបទ៖នាង សុភាវុធ
