Isago Silva កូនប្រុសរបស់អតីតខ្សែការពារប្រេស៊ីល Thiago Silva ទទួលបានកិច្ចសន្យាអាជីពលើកដំបូងជាមួយក្លិបបាល់ទាត់តោខៀវ Chelsea ដែលជាអតីតក្លិប ឪពុករបស់ខ្លួនធ្លាប់ប្រកបអាជីព។
លេងក្នុងតំណែងខ្សែការពារដូចឪពុកដែរ កីឡាករវ័យ ១៧ ឆ្នាំរូបនេះ រួមជាមួយប្អូនប្រុសម្នាក់ទៀត Iago Silva បានចូលរួមជាមួយថ្នាលយុវជនរបស់ Chelsea តាំងពីឆ្នាំ ២០២០ នៅពេលដែលឪពុករបស់ពួកគេផ្លាស់មកកាន់ Chelsea ពី Paris Saint Germain។
Thiago Silva បច្ចុប្បន្នវ័យ ៤១ ឆ្នាំ បានចាកចេញពីក្លិប Premier League មួយនេះនៅឆ្នាំ ២០២៤ ចូលរួមជាមួយ Fluminense ក្រោយឈ្នះជើងឯក Champions League, UEFA Super Cup និង Club World Cup នៅឆ្នាំ ២០២១ តែ Isago Silva នៅតែនៅបន្តជាមួយថ្នាលយុវជនរបស់ Chelsea។
Isago Silva បានចូលរួមជាមួយ Chelsea ក្នុងកម្រិតអាយុក្រោម ១៣ ឆ្នាំ និងបានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុម Chelsea អាយុក្រោម ១៨ ឆ្នាំក្នុងរដូវកាល ២០២៤-២៥ ។
Chelsea បានឱ្យដឹងថា Isago Silva "បានអភិវឌ្ឍទៅជាខ្សែការពារដែលមានសមត្ថភាព និងអាចទុកចិត្តបាន ដែលមានភាពងាយស្រួលក្នុងប្រតិបត្តិការទាំងខ្សែការពារឆ្វេង និងខ្សែការពារកណ្តាល"។
រដូវកាលនេះ Isago បានបង្ហាញខ្លួនក្នុងយុទ្ធនាការប្រកួត Premier League Cup ជាមួយ Chelsea ក្នុងកម្រិតជើងឯកអាយុក្រោម ១៧ និង ១៨ ឆ្នាំ៕ អត្ថបទ៖ នាង សុភាវុធ


