សិស្សានុសិស្សប្រមាណជាង ៥០០នាក់ បានចូលរួមលេងកីឡាកម្សាន្ដ ជាមួយកម្មវិធីកីឡាសម្រាប់ទាំងអស់គ្នា នៅខេត្តកែប កាលពីចុងសប្ដាហ៍កន្លងទៅ ។ តាមរយៈការចូលរួមដ៏ច្រើននេះ លោក ឆើម ណារ៉ុង ប្រធានការិយាល័យយុវជន និងកីឡានៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកែប បានចាត់ទុកវេទិកានេះ ជាដំណើរចាប់ផ្ដើមសម្រាប់សិស្សានុសិស្សឆ្ពោះទៅចាប់ជំនាញកីឡាដែលស្រលាញ់ និងចូលចិត្តផងដែរ។
ក្នុងនាមអាជ្ញាធរកីឡាខេត្ត លោកបានសម្ដែងក្ដីរីករាយ ដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានជ្រើសរើសខេត្តកែប រៀបចំកម្មវិធីកីឡាសម្រាប់ទាំងអស់គ្នា ជាលើកទី២ ហើយពីមួយលើកទៅមួយលើក មានសិស្សានុសិស្សចាប់អារម្មណ៍ និងចូលរួមកាន់តែច្រើន ។ លោកថា កម្មវិធីនេះ ពិតជាល្អសម្រាប់សិស្សានុសិស្ស ក្នុងសិក្សាស្វែងយល់ពីគុណតម្លៃ និងប្រវត្ដិចលនាអូឡាំពិក ហើយយកពេលវេលាទំនេរពីការសិក្សា មកលេងកីឡា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺប្រជាជនម្នាក់ ត្រូវចេះលេងកីឡាមួយប្រភេទប្រចាំជីវិត។
ក្រៅពីការលេងដើម្បីទទួលបានសុខភាពល្អ បញ្ញាស្មារតីស្រស់ថ្លៃ លោក ឆើម ណារ៉ុង ក៏បានចាត់ទុកវេទិកានេះ ជាការផ្ដល់ឱកាសឲ្យសិស្សនុសិស្សចាប់ផ្ដើមចេះស្រលាញ់ និងចូលចិត្តលេងកីឡា ពិសេសកីឡាដែលត្រូវនឹងទេពកោសល្យរបស់ខ្លួន ហើយចាប់យកកីឡាជំនាញ ដើម្បីមានឱកាសក្លាយជាកីឡាករអាជីព សម្រាប់ចូលរួមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានាទៀតផង។
ឯកឧត្តម ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានគូសបញ្ជាក់ថា ឆ្លងកាត់ការសិក្សា ទាំងទ្រឹស្ដី និងអនុវត្តផ្ទាល់រយៈពេល ២ថ្ងៃ លោកសង្កេត់ឃើញសិស្សានុសិស្ស ពិតជាសប្បាយរីករាយ និងចូលរួមជាមួយសកម្មភាពកីឡា ពិសេសការយល់ដឹងពីគុណតម្លៃអូឡាំពិក ហើយបានធ្វើលំហាត់ប្រាណ និងលេងកីឡា ដែលជាសញ្ញាណដ៏ល្អ សម្រាប់ធនធានមនុស្សកម្ពុជា ដែលមិនត្រឹមជាការលើកកម្ពស់សុខភាពសាធារណៈនោះទេ តែក៏ជាការចូលរួមអភិវឌ្ឍសង្គមជាតិផងដែរ៕ អត្ថបទ៖ លី ឈុនឡា





