ខណៈដែលរលកនៃជនភៀសខ្លួនដែលមានរបួសផ្លូវចិត្តរត់គេចពីអំពើហិង្សាកាន់តែខ្លាំងឡើង នៅភាគខាងជើងតំបន់ Darfur នៃប្រទេសស៊ូដង់ អ្នកដែលទៅដល់កន្លែងសុវត្ថិភាពនៅភាគខាងកើតប្រទេសឆាដកំពុងរកឃើញថា ស្ទើរតែគ្មានជំនួយមនុស្សធម៌អន្តរជាតិសម្រាប់ពួកគេឡើយ។

ដោយសារថវិកាសម្រាប់វិបត្តិធ្លាក់ចុះយ៉ាងខ្លាំង គ្រួសារដែលទើបមកដល់ថ្មី ពឹងផ្អែកស្ទើរតែទាំងស្រុងលើការបរិច្ចាគតិចតួចពីជនភៀសខ្លួនមុនៗ និងសប្បុរសធម៌ដែលមានភាពតានតែងរបស់សហគមន៍ឆាដ ក្នុងតំបន់។
ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ UNHCR បានទទួលត្រឹមតែ ៣៨ ភាគរយនៃថវិកាចំនួន ២៤៦ លានដុល្លារ ដែលខ្លួននិយាយថា ខ្លួនត្រូវការដើម្បីឆ្លើយតបទៅនឹងភាពអាសន្នជនភៀសខ្លួនស៊ូដង់នៅក្នុងប្រទេសឆាដ នៅឆ្នាំនេះ។

វិបត្តិថវិកា បានបង្ខំឲ្យមានការសម្របសម្រួលជាបន្ទាន់។ កម្មវិធីស្បៀងអាហារពិភពលោក (WFP)បានបន្តការចែកចាយមានកំណត់កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ប៉ុន្តែសម្រាប់តែម្តាយមានផ្ទៃពោះ និងបំបៅដោះកូន និងកុមារអាយុក្រោមពីរឆ្នាំប៉ុណ្ណោះ។
ជំនួយស្បៀងអាហារទូទៅភាគច្រើន ត្រូវបានបញ្ជូនបន្តទៅកាន់ជំរំ ដែលបានបង្កើតឡើងនៅឆ្ងាយជាងនេះទៅទៀត ជាគោលនយោបាយដោយចេតនា ដើម្បីលើកទឹកចិត្តជនភៀសខ្លួនឲ្យចាកចេញពីតំបន់ ព្រំដែនដែលអស្ថិរភាពនេះ។
លោកស្រី Magatte Guisse តំណាងអង្គការ UNHCR ប្រចាំប្រទេសឆាដ បាននិយាយថា៖«ពុំមានតង់ទេ គ្មានជម្រកប្រើប្រាស់បានយូរទេ មានតែបន្ទះប្លាស្ទិក ដើម្បីបិទបាំងពន្លឺព្រះអាទិត្យប៉ុណ្ណោះ៕