របាយការណ៍ផ្លូវការបានឱ្យដឹងថា ប្រទេសគុយបា បានបញ្ជាក់នៅថ្ងៃចន្ទ (១ ធ្នូ) អំពីការស្លាប់របស់មនុស្សចំនួន ៣៣នាក់ ដោយសារជំងឺដែលឆ្លងតាមសត្វមូស ក្នុងប៉ុន្មានខែថ្មីៗនេះ ខណៈការរាតត្បាតកំពុងរីករាលដល់យ៉ាងតិចមួយភាគបីនៃចំនួនប្រជាជនសរុបរបស់ប្រទេសកោះការ៉ាអ៊ីបមួយនេះ។
អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកស្រី Carilda Peña បានលម្អិតថា មនុស្ស ១២នាក់ បានស្លាប់ដោយសារជំងឺគ្រុនឈាម និង ២១នាក់ ស្លាប់ដោយសារជំងឺគ្រុនឈីក ដែលមេរោគទាំងពីរប្រភេទនេះកំពុងរីករាលដាលយ៉ាងទូលំទូលាយនៅទូទាំងគុយ។ ភាគច្រើននៃអ្នកស្លាប់ មានអាយុក្រោម ១៨ឆ្នាំ។

ការស្លាប់ និងការរីករាលដាលដែលនៅតែបន្តកើតមាន គឺជាដំណឹដ៏ងអាក្រក់បំផុតសម្រាប់គុយបា ជាទីដែលប្រព័ន្ធថែទាំសុខភាពរបស់ខ្លួនកំពុងជួបការលំបាករួចទៅហើយ ដោយសារតែវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ រួមទាងកង្វះខាតស្បៀងអាហារ ប្រេងឥន្ធនៈ និងឱសថយ៉ាងទូលំទូលាយ។
ជំងឺគ្រុនឈាមបែបនេះបានរាតត្បាតនៅគុយបា ជាយូរមកហើយ ប៉ុន្តែកាន់តែអាក្រក់ទៅៗ ដោយសារកង្វះថវិកា និងប្រេងឥន្ធនៈ បានរារាំងសមត្ថភាពរបស់រដ្ឋាភិបាល ក្នុងការបាញ់ថ្នាំសម្លាប់សត្វល្អិត សម្អាតសំរាមតាមដងផ្លូវ និងជួសជុលបំពង់បង្ហូរទឹកដែលលេចធ្លាយ។ ជំងឺគ្រុនឈីក ដែលធ្លាប់តែកម្រខ្លាំងណាស់នៅលើកោះនេះ ក៏រីករាលដាលយ៉ាងឆាប់រហ័សក្នុងប៉ុន្មានខែថ្មីៗនេះផងដែរ៕

