កងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) របស់ប្រទេសស៊ូដង់ បាននិយាយកាលពីថ្ងៃចន្ទ (១ ធ្នូ) ថា ខ្លួនដណ្តើមបានការគ្រប់គ្រងពេញលេញនៃទីប្រជុំជន Babanusa ដែលជាចំណុចប្រសព្វដឹកជញ្ជូនដ៏សំខាន់មួយ នៅក្នុងតំបន់ភាគភាគខាងត្បូង ដែលផលិតប្រេងរបស់ប្រទេសនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ RSF បាននិយាយថា ការ "រំដោះ" Babanusa របស់ខ្លួននៅក្នុងរដ្ឋខាងលិចនៃតំបន់ Kordofan - ដែលជាជួរមុខចុងក្រោយបំផុតនៅក្នុងសង្គ្រាមនៅស៊ូដង់ - បានកើតឡើង ក្រោយការវាយបកទៅវិញលើ "ការវាយប្រហារដ៏ភ្ញាក់ផ្អើល" ដោយកងទ័ពស៊ូដង់ នៅក្នុងអ្វីដែលខ្លួនហៅថា "ការរំលោភបំពានយ៉ាងច្បាស់លាស់លើបទឈប់បាញ់មនុស្សធម៌"។
ការយកបានទីតាំងដឹកជញ្ជូន Babanusa របស់ RSF កាន់តែបង្កើនសន្ទុះរបស់កងកម្លាំងនេះ បន្ទាប់ពីខ្លួនដណ្តើមបានក្រុង al-Fasher ដែលជាទីតាំងចុងក្រោយរបស់កងទ័ពនៅតំបន់ Darfur ក្នុងខែតុលា កន្លងទៅ។ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកនឹងធ្វើអន្តរាគមន៍ដើម្បីបញ្ឈប់ជម្លោះ ដែលផ្ទុះឡើងតាំងតែពីខែមេសា ឆ្នាំ២០២៣ មក។
កាលពីដើមខែវិច្ឆិកា សហរដ្ឋអាមេរិក អារ៉ាប់រួម អេហ្ស៊ីប និងអារ៉ាប៊ីសាអ៊ូឌីត - ដែលគេស្គាល់ថាជាក្រុម Quad - បានស្នើផែនការសម្រាប់បទឈប់បាញ់រយៈពេល ៣ខែមួយ តាមពីក្រោយដោយការចរចាសន្តិភាព។ យោធាប៉ារ៉ា RSF បានអះអាងទទួលយកផែនការនេះ ប៉ុន្តែមិនយូរប៉ុន្មាន ក៏បានបើកការវាយប្រហារយ៉ាងខ្លាំងក្លាទៅទឹកដីរបស់កងទ័ពស៊ូដង់៕

