ស្របពេលដែលព្យុះរដូវរងា វាយប្រហារតំបន់ Midwest របស់សហរដ្ឋអាមេរិក អ្នកបើកបរនៅទីក្រុង Bridgeton រដ្ឋ Missouri ហាក់ប៉ះពាល់អារម្មណ៍ ពេលដែលការធ្វើចរាចរណ៍យឺតយ៉ាវខ្លាំងនៅតាមដងផ្លូវរអិលដោយសារព្រិល ។
រូបភាពវីដេអូឃ្លីបពីក្រសួងដឹកជញ្ជូនរដ្ឋ Missouri ឃើញរថយន្តធំ-តូច ធ្វើដំណើរយឺតៗនៅតាមដងផ្លូវដែលគ្របដណ្តប់ដោយព្រិល ។
ក្រុមព្យាករឧតុនិយមនិយាយកាលពីថ្ងៃចន្ទថា ខ្យល់ត្រជាក់បក់ខ្លាំងពីប្រទេសកាណាដា ត្រូវបានគេរំពឹងថា នឹងនាំមកជាមួយព្រិលកាន់តែច្រើននៅតាមតំបន់ចាប់ពីរដ្ឋ Michigan រហូតដល់តំបន់ភាគកណ្តាល New England ហើយនិងធ្វើឲ្យពលរដ្ឋអាមេរិកជាង ១៦លាននាក់ ស្ថិតក្រោមការព្រមានពីព្យុះរដូវរងា ។

លោក Rich Otto គឺជាមន្រ្តីឧតុនិយមមកពីមន្ទីរព្យាករអាកាសធាតុនៃសេវាកម្មឧតុនិយមជាតិសហរដ្ឋអាមេរិក បាននិយាយថា ព្យុះដែលធ្វើឲ្យមានព្រិលធ្លាក់ចាប់ពីរដ្ឋ Iowa រហូតដល់រដ្ឋ Kansas កាលពីព្រឹកថ្ងៃចន្ទ នឹងបង្កើនកម្លាំងរបស់វាឡើងវិញ ពេលដែលវាបោកបក់ឆ្ពោះទៅទិសខាងកើត ។
យោងតាមសេចក្តីរាយការណ៍ពីទូរទស្សន៍ ABC News បានឲ្យដឹងថា ព្រិលធ្លាក់ខ្លាំងបង្កបញ្ហាផងដែរដល់អ្នកដំណើរចង់វិលត្រឡប់ទៅផ្ទះវិញ បន្ទាប់វិស្សមកាលរដូវបុណ្យ Thanksgiving ក្នុងនោះជើងហោះហើររាប់ពាន់វ៉ុល ត្រូវបានលុបចោល ឬពន្យាពេលនៅអាកាសយានដ្ឋានអន្តរជាតិ O'Hare កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ ។
ប្រព័ន្ធព្យុះរដូវរងារនៅចុងសប្តាហ៍កន្លងទៅ អំឡុងរដូវបុណ្យ Thanksgiving បង្កផ្គររន្ទះផងដែរនៅទូទាំងតំបន់ភាគខាងត្បូងសហរដ្ឋអាមេរិក ខណៈមនុស្ស ៥៣លាននាក់ ចាប់ពីតំបន់ South Dakota ដល់រដ្ឋញូវយ៉ក ស្ថិតនៅក្រោមការព្រមានពីព្យុះរដូវរងា ៕
