វាយកូនបាល់៖ កីឡាករវាយកូនបាល់លេខ ១ ពិភពលោក Novak Djokovic បានចូលលេងការប្រកួតដំបូងតាំងពីមានបញ្ហារឿងទិដ្ឋាការវ៉ាក់សាំងនៅ Grand Slam, Australian Open។ Djokovic បានយកឈ្នះកីឡាករអ៊ីតាលី Lorenzo Musetti ៦-៣ និង ៦-៣ នៃជុំដំបូងកម្មវិធី Dubai Tennis Championship។

Djokovic បានបង្ហាញអារម្មណ៍រីករាយ ចំពោះការវិលត្រលប់មកសកម្មភាពវាយកូនបាល់របស់ខ្លួនវិញនេះ បន្ទាប់ពីមានបញ្ហាស្មុគស្មាញមួយរយៈចុងក្រោយនេះ។ កាលពីសប្តាហ៍មុននិយាយប្រាប់សារព័ត៌មាន BBC របស់អង់គ្លេស ម្ចាស់ជើងឯក Grand Slam ២០លើករូបនេះបានឱ្យដឹងថា រូបគេសុខចិត្តអវត្តមានពីការប្រកួតវាយកូនបាល់គ្រប់កម្មវិធីប្រកួតទាំងអស់នាពេលខាងមុខ ប្រសើរជាងការបង្ខំចិត្តទទួលយកវ៉ាក់សាំងកូវីដ-១៩។ កីឡាករវ័យ ៣៤ឆ្នាំរូបនេះត្រូវបានបញ្ជាឱ្យចាកចេញពីព្រលានយន្តហោះប្រទេសអូស្ត្រាលី កាលពីខែមករាដោយសារតែការស្នើសុំទិដ្ឋាការមិនមានភ្ជាប់ជាមួយលិខិតអះអាងថា បានចាក់វ៉ាក់សាំង។ Djokovic បានបញ្ជាក់ថា រូបគេមិនបានចូលរួមជាមួយនឹងចលនាប្រឆាំងវ៉ាក់សាំងឡើយ តែចង់ឱ្យការទទួលយកវ៉ាក់សាំងគឺជាសិទ្ធិរបស់បុគ្គលវិញ៕
អត្ថបទ៖នាង សុភាវុធ