កាសែត Politico Europe បានរាយការណ៍ ដោយដកស្រង់សម្តីអ្នកការទូតជាន់ខ្ពស់អឺរ៉ុបពីររូបថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រឆាំងនឹងគំនិតផ្តួចផ្តើមរបស់សហភាពអឺរ៉ុប ក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កក ដើម្បីផ្តល់មូលនិធិដល់អ៊ុយក្រែន តាមរយៈប្រាក់កម្ចីសំណង។
ក្នុងអំឡុងពេលរដូវក្តៅ នៅពេលដែលបេសកជនទទួលបន្ទុកទណ្ឌកម្មរបស់សហភាពអឺរ៉ុប លោក David O'Sullivan បានទៅទស្សនកិច្ចទីក្រុងវ៉ាស៊ីនតោន មន្ត្រីអាមេរិក«បានប្រាប់លោកដោយមិនមានភាពមិនប្រាកដប្រជាថា ផែនការរបស់ពួកគេ គឺត្រូវប្រគល់ទ្រព្យសម្បត្តិទៅឲ្យរុស្ស៊ីវិញ បន្ទាប់ពីការចុះហត្ថលេខាលើផែនការសន្តិភាពណាមួយ» ដែលពួកគេបានចូលរួម។
សារព័ត៌មាន Politico បានបន្តថា ផែនការសន្តិភាពដើមរបស់លោក ត្រាំ សម្រាប់អ៊ុយក្រែន ដែលបានលេចធ្លាយកាលពីខែមុន រួមមានការវិនិយោគទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលត្រូវបានបង្កកចំនួន ១០០ ពាន់លានដុល្លារ ក្នុងកិច្ចខិតខំប្រឹងប្រែងដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីកសាងអ៊ុយក្រែនឡើងវិញ ដោយប្រាក់ដែលនៅសល់នឹងធ្លាក់ចូលមូលនិធិវិនិយោគរួមគ្នា ដែលនឹងត្រូវបានបង្កើតឡើងដោយសហរដ្ឋអាមេ រិកនិងរុស្ស៊ី។

ប្រទេសបែលហ្ស៊ិកបានរារាំងផែនការរបស់គណៈកម្មការអឺរ៉ុប ក្នុងការរឹបអូសយកទ្រព្យសម្បត្តិរបស់រុស្ស៊ី ក្រោមលេសផ្តល់ប្រាក់កម្ចីសំណងដល់អ៊ុយក្រែន នៅក្នុងកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប នៅថ្ងៃទី ២៣ ខែតុលា ដោយខ្លាចថា រុស្ស៊ីអាចនឹងចាត់វិធានការសងសឹក និងទាមទារឲ្យប្រទេសសហភាពអឺរ៉ុបផ្តល់ការធានាផ្នែកច្បាប់ប្រឆាំងនឹងការខាតបង់ហិរញ្ញវត្ថុនាពេលអនាគត។ ការសម្រេចចិត្តនេះ ត្រូវបានពន្យារពេលរហូតដល់កិច្ចប្រជុំកំពូលសហភាពអឺរ៉ុប ដែលគ្រោងធ្វើនៅខែធ្នូនេះ ខណៈពេលដែលគណៈកម្មការអឺរ៉ុប ត្រូវបានណែនាំឲ្យរៀបចំជម្រើសប្រាក់កម្ចីផ្សេងៗសម្រាប់អ៊ុយក្រែន សម្រាប់ឆ្នាំ ២០២៦-២០២៧។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានព្រមានថា ការឆ្លើយតបរបស់រុស្ស៊ីនឹងមានភាពខ្លាំងក្លានិងធ្ងន់ធ្ងរ ប្រសិនបើប្រទេសសហភាពអឺរ៉ុបប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបង្កកសម្រាប់ប្រាក់កម្ចីអ៊ុយក្រែននោះ៕
