ក្រុមអាជ្ញាធរអេស្ប៉ាញ កំពុងធ្វើការញាប់ដៃញាប់ជើង ដើម្បីស្វែងរកជ្រូកព្រៃដែលអាចមានជំងឺប៉េស្តជ្រូកអាហ្វ្រិក ក្រោយការធ្វើតេស្តបញ្ជាក់ថា ជំងឺនេះ មាននៅក្នុងជ្រូកងាប់មួយចំនួន ។ ពួកគេព្យាយាមបញ្ឈប់ជំងឺមួយនេះ ពីការឆ្លងដល់ជ្រូកកសិដ្ឋាន ។
វិធានការនេះ នឹងការពារការនាំចេញជ្រូកអេស្ប៉ាញដែលមានតម្លៃរាប់ពាន់លានដុល្លារ ។ ក្រុមអាជ្ញាធរប្រើប្រាស់យានដ្រូន កាមេរ៉ា IR និងសុនខ ដើម្បីស្វែងរកសត្វជ្រូកព្រៃងាប់ ឲ្យពួកគេអាចធ្វើតេស្តពួកវាបាន ។

ពួកគេបានបិទផ្លូវឆ្លងកាត់ក្រោមផ្លូវហាយវ៉េផងដែរ ដើម្បីកុំឲ្យសត្វជ្រូកព្រៃពុំអាចរាតត្បាតទៅកាន់តំបន់ផ្សេងទៀត ។
ចាប់តាំងពីចុងសប្តាហ៍កន្លងមក ក្រុមនគរបាល បានបិទផ្លូវ និងដាក់ស្លាកសញ្ញានៅជុំវិញជួរភ្នំ Collserola ជិតទីក្រុង Barcelona ។ អ្នកស្រុកនិយាយថា ពួកគេមិនហ៊ានទៅជិតផ្លូវបិទនោះទេ ហើយនិងកាន់ខ្សែសត្វសុនខរបស់ពួកគេ អំឡុងពេលដើរ ។
នៅតាមកសិដ្ឋានចិញ្ចឹមជ្រូក ឧស្សាហកម្ម Interporc និយាយថា ពួកគេបានរឹតត្បិតជាងមុននូវបទបញ្ជាសុវត្ថិភាព ដែលបទបញ្ជាទាំងអស់នេះ រួមទាំងការធ្វើតេស្តសត្វថ្មី របងរឹងមាំជាងមុន សំណាញ់ ការពារសត្វស្លាបពីការហើរចូល និងការសម្អាតរោងចិញ្ចឹមជ្រូកផងដែរ ។
ទោះបីជាយ៉ាងណាក៏ដោយ មកទល់នឹងពេលនេះ ពុំមានជ្រូកកសិដ្ឋានណាមួយ មានជំងឺប៉េស្តជ្រូកអាហ្វ្រិកនោះឡើយ ៕
