សេតវិមាន កាលពីថ្ងៃចន្ទ(ទី១ ខែធ្នូ) បានបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងចូលរួមការចាប់ឆ្នោត សម្រាប់ការចែកពូលចុងក្រោយនៃព្រឹត្តិការណ៍ FIFA World Cup ក្នុងទីក្រុងវ៉ាស៊ីនតោន នាចុងសប្តាហ៍នេះ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងធ្វើជាម្ចាស់ផ្ទះរួមនៃការប្រកួតបាល់ទាត់ឆ្នាំ២០២៦ រួមជាមួយប្រទេសកាណាដា និងម៉ិកស៊ិក។
អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានប្រាប់អ្នកសារព័ត៌មានថា៖ «នៅថ្ងៃសុក្រ លោកប្រធានាធិបតី Trump នឹងចូលរួមការចាប់ឆ្នោតចុងក្រោយនៃព្រឹត្តិការណ៍ FIFA World Cup នៅមជ្ឈមណ្ឌល Kennedy»។

លោក Trump បានធ្វើឲ្យការប្រកួតបាល់ទាត់ពិភពលោកជាព្រឹត្តិការណ៍ដ៏សំខាន់ ទាំងសម្រាប់ការកាន់តំណែងជាប្រធានាធិបតីអាណត្តិទី២ របស់លោក និងខួបលើកទី២៥០ នៃឯករាជ្យរបស់សហរដ្ឋអាមេរិក នាឆ្នាំក្រោយ។
ប៉ុន្តែព្រឹត្តិការណ៍កីឡាដ៏ធំមហិមានេះ មិនអាចគេចផុតឡើយពីភាពចលាចលផ្នែកនយោបាយដែលបណ្តាលមកពីជំហរររឹងត្អឹងរបស់លោក Trump លើបញ្ហាជាច្រើន។
លោក Trump ដែលជាសមាជិកគណបក្សសាធារណរដ្ឋ បានលើកឡើងពីលទ្ធភាពនៃការផ្លាស់ប្តូរការប្រកួតពីទីក្រុងមួយចំនួនរបស់សហរដ្ឋអាមេរិក ស្របពេលមានការបង្រ្កាបលើអ្វីដែលលោកនិយាយថា ជាឧក្រិដ្ឋកម្ម និងជនអន្តោប្រវេសន៍ខុសច្បាប់ ក្នុងតំបន់មួយចំនួនគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ៕
