ក្រុមតំណាងរដ្ឋាភិបាលប៉ាគីស្ថាន មានជំនឿថា ឱនភាពពាណិជ្ជកម្ម ១២៧លានដុល្លារ អាចនឹងត្រូវបង្រួម ហើយការផ្លាស់ប្តូរថ្នាក់ដឹកនាំកាលពីពេលថ្មីៗរបស់ជប៉ុន នឹងផ្តល់ឱកាសមួយ ដើម្បីកំណត់ និងពង្រឹងឡើងវិញនូវទំនាក់ទំនងទ្វេភាគី និងទំនាក់ទំនងសេដ្ឋកិច្ចប្រទេសទំាង ២ ។
រថយន្តជប៉ុនត្រូវបានគេស្គាល់ជាយូរមកហើយថា មានគុណភាព និងមានភាពជឿជាក់ខ្ពស់ នៅក្នុងទីផ្សាររថយន្តប៉ាគីស្ថាន ។ ចាប់ពីរថយន្តធម្មតា រហូតដល់រថយន្តប្រណីត ប្រជាប្រិយភាពរបស់វា បន្តមាននៅតាមហាងលក់រថយន្ត និងដងផ្លូវក្នុងទីក្រុង ។
ភាគច្រើននៃតម្រូវការឈានដល់ តាមរយៈក្រុមហ៊ុននាំចូលឯកជនដូចជាក្រុមហ៊ុនរបស់លោក Haji Baseer ដែលបាននាំចូលទាំងរថយន្តថ្មី និងរថយន្តមួយទឹក ។
លោក Baseer និយាយប្រាប់ទីភ្នាក់ងារព័ត៌មាន CNA ថា រថយន្តមួយទឹកពីជប៉ុន ជាទូទៅនៅស្អាត ។ វាខ្លាំង ហើយធន់ និងមាននូវតម្រូវការខ្ពស់នៅលើទីផ្សារ ។
ប៉ាគីស្ថាននាំចូលរថយន្ត ម៉ាស៊ីន និងដែក តម្លៃរាប់លានដុល្លារ ពីជប៉ុនជារៀងរាល់ឆ្នាំ ។
យោងតាមទិន្នន័យពីអង្គការ Observatory of Economic Complexity បានឲ្យដឹងថា នៅចន្លោះខែសីហា ឆ្នាំ ២០២៤ និងខែសីហា ឆ្នាំ ២០២៥ ការនាំចូលពីជប៉ុន បានកើនឡើងចំនួន ២៨ភាគរយ ។
ផ្ទុយទៅវិញ ការនាំចេញរបស់ប៉ាគីស្ថានទៅកាន់ប្រទេសជប៉ុន ភាគច្រើនជាវាយនភណ្ឌ និងផលិតផលកំណាត់ បានធ្លាក់ចុះ ១១ភាគរយ នៅអំឡុងពេលតែមួយ ៕