ភ្នំពេញ៖ ករណីស្លាប់បាត់បង់ជីវិតដោយសារកូវីដ-១៩ បានកើតឡើងជាថ្មីនៅថ្ងៃទី១៩ និងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ដែលប្រកាសដោយក្រសួងសុខាភិបាល។ ករណីស្លាប់បាត់បង់ជីវិតនេះ គឺទើបកើតឡើងជាថ្មី ក្រោយពុំមានការស្លាប់ដោយសារកូវីដ-១៩ ជាង ៤០ថ្ងៃកន្លងទៅ។ ទន្ទឹមនឹងការស្លាប់កើតមានឡើង ការឆ្លងក៏ហក់ឡើងខ្ពស់ដល់ជាង ៧០០ករណី និងអាចបន្តហក់ឡើងដល់ខ្ទង់ពាន់រឺខ្ទង់ម៉ឺនករណី។ នេះជាការព្រមានរបស់មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល។
ត្រឹមរយៈពេលពីរថ្ងៃគឺថ្ងៃទី១៩ថ្ងៃ ទី២០ខែកុម្ភៈ កម្ពុជាមានករណីស្លាប់បាត់បង់ជីវិតចំនួន ៥នាក់។ ការស្លាប់បាត់បង់ជីវិតនេះ ក៏ស្របពេលដែលកម្ពុជា កំពុងមានការឆ្លងកូវីដ-១៩ ពិសេសវីរុសបំប្លែងថ្មីអូមីក្រុង ក្នុងចំនួនច្រើនរយនាក់រៀងរាល់ថ្ងៃ។
យ៉ាងណាម៉ិញខាងក្រសួងសុខាភិបាល ពុំបានបញ្ជាក់លម្អិតថាករណីស្លាប់បាត់បង់ជីវិតនេះ គឺជាអ្នកជំងឺដែលឆ្លងវីរុសបំប្លែងថ្មី អូមីក្រុង នោះទេ។ តាមការសង្កេតនៅកម្ពុជានាពេលបច្ចុប្បន្ន ការឆ្លងគឺភាគច្រើនលើសលប់ ជាការឆ្លងអូមីក្រុង បើផ្អែកលើទិន្នន័យប្រចាំថ្ងៃចេញដោយម៉ាស៊ីន PCR របស់ក្រសួងសុខាភិបាល។
ទន្ទឹមនឹងមានការស្លាប់កើតឡើង និងមានការឆ្លងជាច្រើនរយនាក់រៀងរាល់ថ្ងៃនេះ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ក៏បានព្រមានដែរថា កម្ពុជាអាចមានការឆ្លងហក់ឡើងដល់ ៤ខ្ទង់(ពាន់ករណី) រឺ ៥ខ្ទង់( ម៉ឺនករណី) ដូចប្រទេសដទៃក្នុងតំបន់ បើសិនប្រជាពលរដ្ឋនៅតែធ្វេសប្រហែស។ លោកជំទាវក៏សំណូមពរឱ្យកាត់បន្ថយការជួបជុំទ្រង់ទ្រាយធំផងដែរ ដើម្បីទប់ស្កាត់ការរីករាលដាល អូមីក្រុង ដែលមានលទ្ធភាពចម្លងលឿន។
ខណៈដែលការឆ្លងមានការហក់ឡើងច្រើនរយករណីរៀងរាល់ថ្ងៃនេះ ប្រជាពលរដ្ឋក៏ផ្ដើមប្រុងប្រយ័ត្នជាថ្មី និងពាក់ម៉ាសការពារនៅទីតាំងប្រមូលផ្ដុំបានច្រើនជាងមុន ទោះបីជាការរក្សាគម្លាតពេលខ្លះពុំបានអនុវត្តត្រឹមត្រូវក្ដី។ តាមការសង្កេតនៅរាជធានីភ្នំពេញ អាជីវកម្មតាមផ្ទះមួយចំនួនក៏នៅតែបន្តប្រុងប្រយ័ត្ន ដោយមានការចងខ្សែមិនអនុញ្ញាតឱ្យអតិថិជនចូលទៅខាងក្នុងបាននោះទេ។ ការដាក់ខ្សែខណ្ឌនេះ គឺដើម្បីរក្សាគម្លាតសុវត្ថិភាព។
ជាការដោះស្រាយបញ្ហាកំណើនករណីវិជ្ជមានកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មីអូមីក្រុង ដែលមានការចម្លងលឿននេះ រដ្ឋបាលរាជធានីភ្នំពេញជាទីតាំងដែលមានការឆ្លងច្រើន ក៏បានចេញសេចក្ដីណែនាំជាបន្តបន្ទាប់ ដោយរាប់បញ្ចូលទាំងការផាកពិន័យ ការដាក់ពន្ធនាគារ ចំពោះការប្រព្រឹត្តល្មើស និងមានការកំណត់ចំនួនមនុស្សក្នុងពិធីនានាដូចជា មង្គលការ ពិធីបុណ្យ ត្រឹមមនុស្ស ៧នាក់ក្នុងមួយតុប៉ុណ្ណោះ៕អត្ថបទ៖ គឹមហុក