នៅថ្ងៃអង្គារ (ទី២ ខែធ្នូ) នេះ ប្រទេសចិនបានរិះគន់លោក Keir Starmer ថា បានធ្វើ «ការចោទប្រកាន់ដោយគ្មានមូលដ្ឋាន» ពោលគឺមួយថ្ងៃបន្ទាប់ពីនាយករដ្ឋមន្ត្រីរបស់ចក្រអង់គ្លេសរូបនេះ បាននិយាយថា លោកនឹងធ្វើទំនាក់ទំនងជាមួយទីក្រុងប៉េកាំង ប៉ុន្តែបានព្រមានថា ចិនបានបង្កឲ្យមានការគំរាមកំហែងសន្តិសុខជាតិ។
ទោះបីជាមានការកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលអង់គ្លេស ដើម្បីកំណត់ឡើងវិញនូវទំនាក់ទំនងជាមួយប្រទេសមហាអំណាចសេដ្ឋកិច្ចទី២ របស់ពិភពលោកក៏ដោយ ក៏ទំនាក់ទំនងនៅតែជួបនឹងភាពអាប់អួ ដោយសារការចោទប្រកាន់ ពាក់ព័ន្ធនឹងចារកម្ម និងភាពតានតឹងលើជោគវាសនារបស់ទីក្រុងហុងកុងដែលជាអតីតដែនដីស្ថិតក្រោមអាណានិគមរបស់អង់គ្លេស។
លោក Starmer បានក្លាយជានាយករដ្ឋមន្ត្រីអង់គ្លេសដំបូងគេដែលបានជួបមេដឹកនាំចិន លោក Xi Jinping ក្នុងរយៈពេលជាង ៦ឆ្នាំ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ដែលជាសញ្ញាបង្ហាញថា ទំនាក់ទំនងកំពុងមានភាពប្រសើរឡើង។

ប៉ុន្តែថ្លែងនៅឯពិធីជប់លៀងប្រចាំឆ្នាំរបស់អភិបាលក្រុងជាស្ត្រី (Lady Mayor) កាលពីថ្ងៃចន្ទ លោក Starmer បានលើកឡើងថា ប្រទេសចិន «បង្កជាការគំរាមកំហែងសន្តិសុខជាតិពិតប្រាកដ» ហើយបាននិយាយថា ទីក្រុងឡុងដ្រ៍ នឹងបន្តលើកឡើងពីបញ្ហាសិទ្ធិមនុស្សជាមួយទីក្រុងប៉េកាំង។
ពាក់ព័ន្ធនឹងសម្ដីរបស់លោក Starmer នៅថ្ងៃអង្គារនេះ ស្ថានទូតចិន នៅទីក្រុងឡុងដ្រ៍ បានឲ្យដឹងថា ខ្លួនប្រឆាំងយ៉ាងដាច់ខាត ចំពោះការលើកឡើងរបស់ភាគីចក្រភពអង់គ្លេស ដែលបានចោទប្រទេសចិនដោយគ្មានមូលដ្ឋាន និងជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ អមដោយការបន្ថែមថា ការកត់សម្គាល់របស់លោក Starmer គឺជា «កំហុសឆ្គង» ស្ថានទូតបានបញ្ជាក់ថា៖ «ការអភិវឌ្ឍរបស់ប្រទេសចិន មិនគំរាមកំហែងដល់ប្រជាជាតិណាមួយឡើយ»៕
