ការិយាល័យចុះបញ្ជីពន្ធនាគារសហព័ន្ធ រាយការណ៍ថា អតីតប្រធានាធិបតីហុងឌូរ៉ាសលោក Juan Orlando Hernandez ត្រូវបានដោះលែងពីពន្ធនាគារនៅសហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ ជាទីដែលរូបលោកត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារយៈពេល ៤៥ឆ្នាំ សម្រាប់ការជួញដូរគ្រឿងញៀន និងការចោទប្រកាន់ប្រើប្រាស់អាវុធខុសច្បាប់ ។
អ្នកស្រី Ana Garcia គឺជាភរិយារបស់លោក Hernandez និយាយនៅលើបណ្តាញព័ត៌មានសង្គមថា លោក Hernandez ត្រូវបានដោះលែងចេញពីពន្ធនាគារ ក្រោយរូបលោកត្រូវបានផ្តល់ការលើកលែងទោសដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ។
អ្នកស្រី Garcia និយាយថា ក្រោយរយៈពេលជិត ៤ឆ្នាំនៃការឈឺចាប់ ការរង់ចាំ និងការកាត់ក្តីដ៏លំបាក ស្វាមី Juan Orlando Hernandez របស់គាត់បានវិលត្រឡប់ក្លាយជាមនុស្សមានសេរីភាពវិញហើយ អរគុណការលើកលែងទោសប្រធានាធិបតី ផ្តល់ជូនដោយលោកប្រធានាធិបតី Donald Trump ។
ការដោះលែងនេះ បានកើតមានឡោះងរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយការបោះឆ្នោតនៅហុងឌូរ៉ាសដែលលោក Trumpគាំទ្រគណបក្សជាតិអភិរក្សនិយមរបស់បេក្ខជនប្រធានាធិបតីលោក Nasry Asfura ដែលត្រូវប្រកួតប្រជែងជាមួយបេក្ខជនសេរីនិយមលោក Salvador Nasralla ។
គណបក្សរបស់លោក Asfura បានបង្កើតភាពជាដៃគូជិតស្និតជាមួយទីក្រុងវ៉ា់ស៊ីនតោន ក្រោមអាណត្តិរបស់លោក Hernandez ដែលបានគ្រប់គ្រងប្រទេសហុងឌូរ៉ាស ចាប់ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០២២ ហើយលោកត្រូវបានចាប់ខ្លួន ភ្លាមៗ ក្រោយចាកចេញពីតំណែង ។
លោក Hernandez ត្រូវបានកាត់ទោសកាលពីខែមិថុនា ឆ្នាំមុន ហើយលោកចាត់ទុកការកាត់ទោសរបស់លោកថា ខុសច្បាស់ ៕