ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា នឹងមិនមាន តម្រូវការក្នុងការបិទប្រទេស ក្រុង ឬទីតាំងណាមួយ ដោយសារការឆ្លងជំងឺកូវីដ-១៩ ដូចពីពេលមុននោះឡើយ ដោយសារបច្ចុប្បន្ន ប្រជាពលរដ្ឋភាគច្រើនបានចាក់វ៉ាក់សាំងរួចរាល់ហើយនោះ។ តែសម្ដេចតេជោ បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំមានការប្រមាថចំពោះបញ្ហានេះ។
ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដែលមានទីតាំងនៅក្នុងភូមិសាស្ត្រខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ នេះសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នឹងមិនមានការបិទប្រទេស ក្រុង ឬទីតាំង ដែលមានឆ្លងរាលដាល ជំងឺកូវីដ-១៩ដូចកាលឆ្នាំមុនឡើយ តែសម្ដេចតេជោ បានធ្វើការអំពាវនាវទៅកាន់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសនៅរាជធានីភ្នំពេញ ត្រូវខិតខំប្រយុទ្ធប្រឆាំង នឹងមេរោគអូមីក្រុង ដែលចេះតែមានកំណើនជាលំដាប់ និងមានករណីស្លាប់ហើយ ក្នុងរយៈពេល២ថ្ងៃចុងក្រោយនេះ។
ក្រសួងសុខាភិបាល បានប្រកាសថា សម្រាប់ថ្ងៃទី២១ ខែកុម្ភៈ នេះ កម្ពុជា បានរកឃើញអ្នកឆ្លងថ្មី ចំនួន៤៤៨នាក់ទៀត ដែលសុទ្ធជាប្រភេទអូមីក្រុងទាំងអស់ និងស្លាប់៣នាក់។ គិតត្រឹមថ្ងៃទី២១ ខែកុម្ភៈ នេះ កម្ពុជា មានអ្នកឆ្លងសរុបជាង១២៦ពាន់ ៩៧៧នាក់ ជាសះស្បើយ១២០ពាន់ ៧៦៧នាក់ និងស្លាប់ ៣ពាន់ ២០នាក់ ៕អត្ថបទ៖ មុត សុទ្ធ