មេដឹកនាំទីក្រុងហុងកុង បាននិយាយកាលពីថ្ងៃអង្គារ (២ ធ្នូ) ថា គណៈកម្មាធិការមួយដឹកនាំដោយក្រុមចៅក្រម នឹងទទួលភារកិច្ចស៊ើបអង្កេតមូលហេតុនៃអគ្គិភ័យដ៏អាក្រក់បំផុតរបស់ទីក្រុងនេះក្នុងពេលជាច្រើនទសវត្សរ៍ ហើយក៏និងពិនិត្យបន្ថែមទៀត លើការមើលការខុសត្រូវកែលម្អសំណង់អគារ ដែលត្រូវអាជ្ញាធរស្តីបន្ទោសថា ជាកត្តាជួយបង្កើនកម្លាំងចំហេះ ខណៈអ្នកស្លាប់សរុបកើនឡើងដល់ ១៥៦នាក់ហើយ មកទល់ពេលនេះ។

នគរបាលចាប់ខ្លួនមនុស្ស ១៥នាក់ សង្ស័យពីបទឃាតកម្ម ក្នុងការស៊ើបអង្កេតព្រហ្មទណ្ឌលើសោកនាដកម្មនេះ ដែលបានកើតឡើងកាលពីសប្តាហ៍មុននៅតំបន់តុលាការ Wang Fuk ហើយមនុស្ស ១២នាក់ ទៀតក៏ត្រូវចាប់ខ្លួនក្នុងការស៊ើបអង្កេតអំពើពុករលួយ ទាក់ទងនឹងគ្រោះថ្នាក់នេះដែរ។

អាជ្ញាធរបានចង្អុលទៅសំណាញ់ប្លាស្ទិក និងស្នោអ៊ីសូឡង់ដែលខ្វះស្តង់ដារ ដែលបានប្រើក្នុងអំឡុងពេលជួសជុលនៅអគារខ្ពស់ៗទាំងនោះ ថាជាកត្តាជំរុញឱ្យអណ្ដាតភ្លើងឆេះរាលដាលយ៉ាងឆាប់រហ័សទៅដល់ ៧អគារ ក្នុងចំណោមអគារសរុបទាំង៨ ដែលមានមនុស្សរស់នៅជាង ៤.០០០នាក់។

ក្រុមអ្នកស៊ើបអង្កេត បានបញ្ចប់ការបោសសម្អាតអគារឆេះ ៥ខ្នងហើយ នៅសល់តែ ២អគារទៀតប៉ុណ្ណោះ ដោយបានរកឃើញសាកសពបន្ថែមនៅតាមជណ្តើរ និងនៅលើដំបូល ដោយសារពួកគេត្រូវជាប់គាំងក្នុងពេលព្យាយាមគេចចេញពីផ្សែង និងអណ្តាតភ្លើង។ អាជ្ញាធរនិយាយថា មនុស្សប្រហែល ៣០នាក់ ទៀតនៅតែបាត់ខ្លួន៕