ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បាននិយាយនៅថ្ងៃពុធ (៣ ធ្នូ) នេះថា នៅតែមានការងារសេសសល់ជាច្រើនទៀតដែលត្រូវដោះស្រាយ ជុំវិញការប៉ុនប៉ងដាក់ច្បាប់អាជ្ញាសឹកដែលបានបរាជ័យ កាលពី ១ឆ្នាំមុន ហើយបានធានាថា ជនល្មើសនឹងត្រូវនាំមកកាត់ទោស។

ក្នុងសុន្ទរកថាប្រារព្ធខួបលើកទី១ នៃការប្រកាសច្បាប់ដ៏ភ្ញាក់ផ្អើលនោះ លោក Lee បាននិយាយថា ការប៉ុនប៉ងដាក់ច្បាប់អាជ្ញាសឹកដោយអតីតប្រធានាធិបតី Yoon Suk Yeol បានប្រថុយនឹងការបង្កើតវិបត្តិមិនអាចជួសជុលបានចំពោះប្រទេស ប៉ុន្តែប្រជាជនបានក្រោកឡើង និងបញ្ឈប់យោធាដោយដៃទទេរបស់ពួកគេ។ លោកបន្តថា "ភាពមិនប្រុងប្រយ័ត្នរបស់អ្នកដែលព្យាយាមបំផ្លាញសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ ហើយថែមទាំងរៀបចំផែនការធ្វើសង្រ្គាមសម្រាប់តែមហិច្ឆតាផ្ទាល់ខ្លួន ត្រូវតែនាំមកកាត់ទោស"។

គួរឱ្យដឹងថា ការប្រកាសច្បាប់អាជ្ញាសឹកកាលពីខែធ្នូ ឆ្នាំ២០២៤ របស់លោក Yoon បានធ្វើឱ្យកូរ៉េខាងត្បូង ធ្លាក់ក្នុងភាពចលាចលនយោបាយជាច្រើនខែ។ ក្រោយមក លោក Yoon ត្រូវបណ្តេញចេញពីតំណែង ហើយលោក Lee បានឈ្នះឆ្នោតប្រធានាធិបតីមុនអាណត្តិកាលពីខែមិថុនា ដើម្បីដឹកនាំប្រទេសចេញពីភាពតក់ស្លុតនៃច្បាប់អាជ្ញាសឹក ខណៈអ្នកដែលត្រូវចោទប្រកាន់ថាជាប់ពាក់ព័ន្ធ ត្រូវបានចាប់ខ្លួន និងកាត់ទោសពីបទវិទ្ធង្សនា ឬជាការប៉ុនប៉ងបំផ្លាញលទ្ធិប្រជាធិបតេយ្យ។
លោក Lee បាននិយាយថា លោកនឹងស្នើកំណត់យកថ្ងៃទី៣ ខែធ្នូ ជាថ្ងៃបុណ្យជាតិ ដើម្បីអបអរសាទរតួនាទីរបស់ប្រជាជនកូរ៉េខាងត្បូង ក្នុងការលុបបំបាត់កិច្ចប្រឹងប្រែងច្បាប់អាជ្ញាសឹក ហើយថា ប្រជាពលរដ្ឋសមនឹងទទួលបាននូវការពិចារណាសម្រាប់ពានរង្វាន់ណូបែលសន្តិភាព៕

