លោក Vladimir Putin កាលពីថ្ងៃអង្គារទី២ធ្នូសប្ដាហ៍នេះ បានអះអាងពីការគ្រប់គ្រងពេញលេញលើទីក្រុង Pokrovsk ដ៏សំខាន់របស់អ៊ុយក្រែន ទោះបីជាការអះអាងនេះត្រូវបានបដិសេធភ្លាមៗដោយទីក្រុងគីវក៏ដោយ ។

ទីក្រុងគីវ ពុំបានអត្ថាធិប្បាយដោយផ្ទាល់លើការអះអាងរបស់ក្រុងមូស្គូទេ ប៉ុន្តែប្រធានបុគ្គលិកអ៊ុយក្រែន កាលពីព្រឹកថ្ងៃអង្គារសប្ដាហ៍នេះបាននិយាយថា កងកម្លាំងរប់សខ្លួនបានបញ្ឈប់ការវាយប្រហាររាប់សិបលើកក្នុងតំបន់ Pokrovsk ដោយបង្ហាញថាការប្រយុទ្ធគ្នានៅតែបន្តក្នុងផ្នែកមួយចំនួននៃទីក្រុងនេះ។

អស់រយៈពេលជាច្រើនខែមកហើយ កងកម្លាំងរុស្ស៊ី និងអ៊ុយក្រែន បានប្រយុទ្ធគ្នាពីផ្ទះមួយទៅផ្ទះមួយដើម្បីដណ្ដើមយកទីក្រុងនេះ ដែលត្រូវគេហៅថាបន្ទាយនៅភាគខាងកើតអ៊ុយក្រែន ធ្លាប់ជាមជ្ឈមណ្ឌលភស្តុភារដ៏សំខាន់សម្រាប់កងទ័ពអ៊ុយក្រែន។
ជ័យជម្នះនឹងផ្តល់អំណាចដល់លោក Putin នៅពេលវេលាដ៏សំខាន់មួយក្នុងសង្គ្រាម ខណៈគណៈប្រតិភូមន្ត្រីជាន់ខ្ពស់មកពីទីក្រុងវ៉ាស៊ីនតោន ជួបពិភាក្សាជាមួយមេដឹកនាំរុស្ស៊ីនៅទីក្រុងមូស្គូដើម្បីចរចាបើកផ្លូវតូចចង្អៀតឆ្ពោះទៅរកសន្តិភាព។
កងពលវាយប្រហារតាមអាកាសទី ៧ របស់អ៊ុយក្រែន បានវាយបកវិញកាលពីថ្ងៃអង្គារជាមួយនឹងការវាយប្រហារយ៉ាងខ្លាំងក្លានៅភាគខាងត្បូង ខណៈកងពលនៅភាគខាងជើងកំពុងការពារនិង កាន់កាប់ទីតាំងរបស់ពួកគេ។

ទីក្រុង Pokrovsk គឺជាចំណុចប្រសព្វផ្លូវថ្នល់ និងផ្លូវដែកមួយនៅក្នុងតំបន់ Donetsk ភាគខាងកើតប្រទេសអ៊ុយក្រែន ដែលមានប្រជាជនមុនសង្គ្រាមប្រមាណ ៦០.០០០នាក់។ សព្វថ្ងៃនេះ ជនស៊ីវិលភាគច្រើនបានភៀសខ្លួនចេញ ហើយកុមារទាំងអស់ត្រូវបានជម្លៀសចេញ៕