សហរដ្ឋអាមេរិក និងប៉ាណាម៉ា បានធ្វើសមយុទ្ធហ្វឹកហ្វឺនរួមគ្នាមួយកាលពីថ្ងៃអង្គារ (២ ធ្នូ) ស្របពេលភាពតានតឹងផ្នែកយោធាកើនឡើងកាន់តែខ្លាំងក្នុងតំបន់ការ៉ាអ៊ីប ខណៈវត្តមានយោធាដ៏លើសលប់របស់អាមេរិក ក្នុងតំបន់នេះ ត្រូវអ្នកវិភាគមើលឃើញថា ជាការគំរាមកំហែងដល់វ៉េណេស៊ុយអេឡា។

របាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថា សមយុទ្ធនេះប្រមូលផ្តុំបុគ្គលិកប៉ាណាម៉ា ២៥នាក់មកពីនគរបាលជាតិ សេវាកងទ័ពជើងទឹក និងសេវាព្រំដែន រួមជាមួយនឹងទាហានម៉ារីនអាមេរិកចំនួន ២៥នាក់ផងដែរ។ ក្នុងការហ្វឹកហ្វឺននោះ អ្នកចូលរួមបានធ្វើសមយុទ្ធគិលានសង្គ្រោះតាមផ្លូវអាកាស ដែលត្រាប់តាមការជួយសង្រ្គោះអ្នករបួស។

ការហ្វឹកហ្វឺននេះមានបំណងធ្វើឱ្យប្រសើរឡើងនូវការសម្របសម្រួលក្នុងចំណោមកងកម្លាំងសន្តិសុខប៉ាណាម៉ា ដើម្បីពង្រឹងការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន ខណៈកងទ័ពអាមេរិក កំពុងស្វែងរកបទពិសោធន៍ជាចម្បងក្នុងការរស់រានក្នុងព្រៃត្រូពិក។ សហរដ្ឋអាមេរិក បានធ្វើសមយុទ្ធយោធាផ្សេងៗគ្នានៅប៉ាណាម៉ា ក្នុងឆ្នាំនេះ ក្នុងបំណងការពារព្រែកជីកប៉ាណាម៉ា ដែលជាផ្នែកមួយនៃសមយុទ្ធ Panamax Alpha ឆ្នាំ២០២៥។

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ លោក Nelson Marchan ដែលជាប្រមុខទ័ពអាមេរិកដើមកំណើតនៅវ៉េណេស៊ុយអេឡា បានបដិសេធថា ការហ្វឹកហ្វឺននេះពុំមានទំនាក់ទំនងអ្វីទៅនឹងភាពតានតឹងបច្ចុប្បន្នជាមួយវ៉េណេស៊ុយអេឡាទេ ដោយនិយាយថា សមយុទ្ធនេះផ្តោតលើការពង្រឹងបន្ថែមទៀតនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយប៉ាណាម៉ា ប៉ុណ្ណោះ៕