លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃអង្គារទី២ធ្នូសប្ដាហ៍នេះ នៅប្រទេសអៀរឡង់ថា ល្បឿននៃការចរចាសន្តិភាព និងចំណាប់អារម្មណ៍របស់សហរដ្ឋអាមេរិកក្នុងការស្វែងរកដំណោះស្រាយ គឺជាមូលហេតុនៃសុទិដ្ឋិនិយម ប៉ុន្តែលោកបានសម្តែងការភ័យខ្លាចថាសហរដ្ឋអាមេរិកអាចនឹងបាត់បង់ចំណាប់អារម្មណ៍លើកិច្ចខិតខំប្រឹងប្រែងសន្តិភាព។

លោកប្រធានាធិបតីអ៊ុយក្រែនរូបនេះបាននិយាយថា មានសុទិដ្ឋិនិយមខ្លះនៅក្នុងពាក្យសម្ដីរបស់លោក ដោយសារតែល្បឿននៃការចរចា និងពីភាគីអាមេរិក ព្រោះរតែចំណាប់អារម្មណ៍របស់ពួកគេ។ នេះបង្ហាញថា អាមេរិក មិនដកខ្លួនចេញពីការសន្ទនាការទូតណាមួយឥឡូវនេះទេ ហើយនេះជារឿងល្អ។

ប៉ុន្តែក្រោយមក នៅពេលសួរថាតើលោកខ្លាចថាសហរដ្ឋអាមេរិកអាចនឹងបាត់បង់ចំណាប់អារម្មណ៍លើដំណើរការនេះដែរឬទេ លោក Zelenskyy បានឆ្លើយថា មែនហើយលោកខ្លាចថារឿងនោះកើតឡើង លោកពិតជាខ្លាចថាសម្ព័ន្ធមិត្តរបស់លោកណាម្នាក់ហត់នឿយក្នុងការជួយអ៊ុយក្រែន។

លោកថាគោលដៅរបស់រុស្ស៊ី គឺដើម្បីដកចំណាប់អារម្មណ៍របស់អាមេរិកចេញពីស្ថានភាពនេះ។
លោកប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃអង្គារសប្ដាហ៍នេះដែរ បានហៅស្ថានភាពនៅអ៊ុយក្រែនថាជាភាពរញ៉េរញ៉ៃ។ លោកបានបញ្ជាក់ថា ស្ថានភាពនេះមានភាពស្មុគស្មាញណាស់៕