ប្រធានក្រុមប្រឹក្សាជនភៀសខ្លួនដាណឺម៉ាក ដែលជាអង្គការក្រៅរដ្ឋាភិបាល (NGO) បានព្រមានកាលពីថ្ងៃអង្គារ (២ ធ្នូ) ថា ប្រទេសក្រីក្រកំពុងអភិវឌ្ឍ ដែលទទួលជនភៀសខ្លួនភាគច្រើននៅលើពិភពលោក អាចបិទព្រំដែនរបស់ពួកគេ ជាពិសេសនៅតំបន់អាហ្រ្វិក ប្រសិនបើបណ្ដារដ្ឋលោកខាងលិច នៅតែបន្តកាត់បន្ថយជំនួយ។

ខណៈដែលប្រទេសធំៗដូចជាចក្រភពអង់គ្លេស និងអាល្លឺម៉ង់ រឹតបន្តឹងច្បាប់សិទ្ធិជ្រកកោនស្របពេលមានមតិប្រឆាំងអន្តោប្រវេសន៍ ប្រទេសជាច្រើនក៏កំពុងកាត់បន្ថយការចូលរួមវិភាគទានរបស់ពួកគេផងដែរ ក្នុងជួយគាំទ្រដល់ជនភៀសខ្លួនរាប់លាននាក់ ដែលរត់គេចពីអំពើហិង្សា និងមហន្តរាយនៃបម្រែបម្រួលអាកាសធាតុ ជុំវិញពិភពលោក។

លោកស្រី Charlotte Slente អគ្គលេខាធិការនៃក្រុមប្រឹក្សាជនភៀសខ្លួនដាណឺម៉ាក ដែលធ្វើការក្នុងប្រទេសរាប់សិប បាននិយាយថា លោកស្រីបារម្ភថា រដ្ឋក្រីក្រដែលទទួលយក ៧៥% នៃជនភៀសខ្លួន ក៏នឹងអនុវត្តការរឹតបន្តឹងថ្មីផងដែរ។ លោកស្រីបានលើកឧទាហរណ៍ពីប្រទេសអ៊ូហ្គង់ដា -- ដែលជាម្ចាស់ផ្ទះដ៏សប្បុរសនៃជនភៀសខ្លួនមកពីស៊ូដង់ ស៊ូដង់ខាងត្បូង និងសូម៉ាលីអស់លជាច្រើនឆ្នាំ -- បានចាប់ផ្តើមរឹតបន្តឹងចំនួនទទួលជនភៀសខ្លួន។

រដ្ឋផ្សេងទៀតក៏នៅក្រោមសម្ពាធផងដែរ។ លោកស្រី Slente បានសង្កត់ធ្ងន់ថា ប្រទេសឆាដ មានជនភៀសខ្លួនដល់ទៅជិត ៩សែននាក់ មកពីសង្គ្រាមស៊ីវិលស៊ូដង់ ប៉ុន្តែពួកគេមិនទទួលបានជំនួយឧបត្ថម្ភគ្រប់គ្រាន់ទេ ហើយជំរំកំពុងពេញទៅដោយប្រជាជនភៀសខ្លួន ដែលនៅក្នុងស្ថានភាពដ៏លំបាក៕