ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការរិះគន់ចំពោះប្រជាពលរដ្ឋខ្មែរមួយចំនួន ដែលបានបោះចោលសំរាមពាសវាលពាសកាល ខណៈមានធុងសំរាមនៅក្បែរហើយ បង្កឱ្យមានក្លិនស្អុយ បែរមកជេរអាជ្ញាធរ និងថ្នាក់ដឹកនាំទៅវិញ។
ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ បឹង ជើងឯក ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរមួយចំនួនតូច នៅតែខ្វះការយល់ដឹងអំពីបរិស្ថាន និងអនាម័យ ដោយពួកគេបានបរិភោគរួចហើយ ទុកសំរាមចោលដោយមិនបានយកទៅចោលនៅក្នុងធុងសំរាមនោះទេ ដូច្នេះហើយបានធ្វើឲ្យទីក្រុង ជាពិសេសរាជធានីភ្នំពេញនេះតែម្តង នៅតែមានសំរាម ឬកាកសំណល់ច្រើន នៅតាមកន្លែងទីសាធារណៈ ឬកន្លែងប្រជុំជនមួយចំនួនដដែលនោះ។
យ៉ាងណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន បានធ្វើការអំពាវនាវយ៉ាងទទួចដល់ប្រជាពលរដ្ឋទាំង អស់ គប្បីចូលរួមថែរក្សាអនាម័យ ដើម្បីបរិស្ថាន និងទីក្រុងស្អាតខណៈអាជ្ញាធរ ខិតខំយកធុងសំរាមដាក់ ស្ទើរគ្រប់ទីកន្លែង ហើយមិនព្រមកាន់យកទៅចោលក្នុងធុងសំរាមទៀត បែរជាមកជេរអាជ្ញាធរ និងថ្នាក់ដឹក នាំទៅវិញ ដោយសារតែបញ្ហាកើតចេញពីខ្លួនឯងនេះ៕អត្ថបទ៖ បាន ចក់