មេដឹកនាំកោះតៃវ៉ាន់ លោក ឡៃ ឆឹងតឺ(Lai Ching-te) បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់លោកក្នុងការជំរុញសមត្ថភាពការពារជាតិរបស់កោះតៃវ៉ាន់ ដើម្បីទប់ទល់ការគំរាមកំហែងពីសំណាក់ប្រទេសចិន។ លោក Lai បានពិនិត្យសមយុទ្ធហ្វឹកហ្វឺនសម្រាប់កងទ័ពបម្រុងប្រហែល ៤០០ នាក់នៅតំបន់ Yilan កាលពីថ្ងៃអង្គារ។ សមយុទ្ធនេះ បានចាប់ផ្តើមកាលពីថ្ងៃទី ២២ ខែវិច្ឆិកា ហើយដំណើរការរហូតដល់ថ្ងៃសុក្រខាងមុខនេះ។

លោក Lai បានមើលឃើញកងទ័ពបម្រុងប្រើប្រាស់យានដ្រូន និងរៀនពីរបៀបបញ្ឈប់ការរុលចូលទៅមុខរបស់សត្រូវក្នុងសង្គ្រាមនៅក្នុងទីក្រុង។ មេដឹកនាំរូបនេះបានសង្កត់ធ្ងន់ថា គោលបំណងមួយនៃការកសាងយោធាគឺដើម្បីការពារសន្តិភាពពិភពលោក។ លោកក៏បាននិយាយផងដែរថា កោះតៃវ៉ាន់ ត្រូវតែពឹងផ្អែកលើភាពខ្លាំងដើម្បីទទួលបានសន្តិភាពពិតប្រាកដ។

លោកបានលើកឡើងពីតម្រូវការក្នុងការបញ្ឈប់ប្រទេសចិនពីការផ្លាស់ប្តូរពីសមយុទ្ធយោធាទៅជាការប្រយុទ្ធ ខណៈទីក្រុងប៉េកាំងមានគោលបំណងបង្រួបបង្រួមកោះតៃវ៉ាន់។ លោក Lai បាននិយាយសំដៅទៅលើផែនការដើម្បីប្រមូលថវិកាពិសេសចំនួន ១,២៥ សែនកោដ៍ដុល្លារតៃវ៉ាន់ថ្មី ឬប្រហែល ៤០ ពាន់លានដុល្លារអាមេរិក សម្រាប់រយៈពេល៨ឆ្នាំចាប់ពីឆ្នាំ ២០២៦ ដើម្បីបង្កើនសមត្ថភាពការពារជាតិ។ ថវិកានេះ នឹងត្រូវបានបែងចែកសម្រាប់ការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធការពារដែនអាកាស និងវិធានការផ្សេងៗទៀត។
ក្រុមហ៊ុនយោធានិងឯកជនរបស់កោះតៃវ៉ាន់ កំពុងរួមគ្នាផលិតយានដ្រូន និងយានសមុទ្រគ្មានមនុស្សបើក ក្រោមយុទ្ធសាស្ត្រសង្គ្រាមមិនស្របគ្នា ដើម្បីទប់ទល់នឹងអំណាចយោធារបស់ប្រទេសចិន ជាមួយនឹងប្រព័ន្ធដែលមានតម្លៃទាប និងចល័តខ្ពស់។